ស្វាយរៀងៈ កុមារីម្នាក់អាយុ១៦ខែ បានដើរធ្លាក់ទឹកស្រះខាងមុខផ្ទះ ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលឪពុកយកមកផ្ញើនឹងម្តាយ ហើយរវល់ការងារ រីឯប្រពន្ធឆ្លងទន្លេសម្រាកនៅមន្ទីរពេទ្របាន៤ថ្ងៃ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះយាយបង្កើតរបស់ខ្លួនត្រង់ចំណុចភូមិ ព្រៃតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ឪពុកក្មេងរងគ្រោះឈ្មោះ មាន សម្បតិ្ត អាយុ ២៥ឆ្នាំ មុខរបរ សំណង់ ម្តាយឈ្មោះ ស្រី ស៊ីណា អាយុ២២ ឆ្នាំ មុខរបរ កសិកររស់នៅភូមិ ឃុំកើតហេតុខាងលើហើយនៅព្រឹកថ្ងៃកើតហេតុឪពុកក្មេងរងគ្រោះ បានពរកូនមកផ្ញើម្តាយបង្កើត(ត្រូវជាយាយក្មេងរងគ្រោះ) ហើយរវល់ជាប់ធ្វើទ្វារដែកឲ្យគេ ។ ប្រភពដដែលបានបន្តទៀតថា ខណៈដែលឪពុកសួររកកូន ពេលនោះទើបដឹងថា បាត់កូន ក៏នាំគ្នាដើររក តែមិនឃើញ ក៏សង្ស័យធ្លាក់ស្រះទឹក ក៏ចុះរុករាវរកឃើញក្នុងស្រះទឹកមែន។
សមត្ថកិច្ចបានឲ្យដឹងថា៖ កុមារីជនរងគ្រោះ មានឈ្មោះ ម៉ៅ ស្រីពេជ្រ អាយុ១ឆ្នាំ៤ខែ បានលង់ទឹកស្រះស្លាប់នៅមុខផ្ទះឈ្មោះ ស្រី ម៉ៅ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ កសិករ(ត្រូវជាជីតា) និងប្រពន្ធឈ្មោះ ផង់ អុន អាយុ៦៥ ឆ្នាំ មុខរបរ កសិករ (ត្រូវជាជីដូន) រស់នៅភូមិ ឃុំកើតហេតុខាងលើ ។ រហូតដល់ម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃដដែល ក៏បានរាយការណ៍មកប៉ុស្ដិ៍នគរបាលប្រសូតិ ហើយកម្លាំងប៉ុស្ដិ៍ ក៏បានចុះទៅដល់កន្លែងកើតហេតុពិនិត្យ និងធ្វើកិច្ចសន្យា ហើយបានប្រគល់សាកសពទៅឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
សមត្ថកិច្ចអះអាងថា ករណីខាងលើនេះ កើតឡើងដោយសារមូលហេតុ ឪពុកម្ដាយមានការធ្វេសប្រហែស ។ សូមចូលរួមសោកស្តាយផង និងសូមឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះកូនតូចៗ ដែលងាយរងគ្រោះករណីខាងលើនេះអីចឹង និងសូមអំពាវនាវដល់សប្បុរសជនទាំងអស់ ទាំងក្នុងស្រុក ទាំងក្រៅស្រុកមេត្តាជួយឧបត្ថម្ភដល់ក្រុមគ្រួសារកុមារីរងគ្រោះខាងលើ ដែលមានជីវភាពខ្វះខាត ហើយត្រូវបាត់បង់កូនជាទីស្រឡាញ់ថែមទៀត ៕
Tags:
ព័ត៌មានជាតិ