ពោធិ៍សាត់៖ មានករណីបុរសរងគ្រោះជាអ្នកនេសាទម្នាក់ បានអុំទូកទៅដាក់មងនៅចំណុចអូរតាឡុះ (ហៅអូរក្របីងាប់) ស្ថិតក្នុងភូមិលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបាត់ខ្លួនដោយសង្ស័យលង់ទឹកបាតអាងវារីអគ្គីសនីតាតៃស្លាប់បាត់បង់ជីវិត កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
យោងតាមការឲ្យដឹងពីប្រជាពលរដ្ឋឈ្មោះ សន ចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំខាងលើបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ទៀង ទឿន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាបានចេញទៅមើលមងដែលខ្លួនបានទៅដាក់នៅបាតអាងវារីអគ្គីសនី នៅចំណុចអូរតាឡុះ ហើយបាត់ខ្លួន ខណ:ដែលទូករបស់ជនរងគ្រោះលិចឃើញ តែស្បែកជើងជនរងគ្រោះអណ្តែតទឹកនៅក្បែរទូកលិច ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារមុជទឹក នៅចំណុចកើតហេតុ រយ:ពេលពេញមួយថ្ងៃតែមិនប្រទះឃើញសាកសពឡើយ លុះថ្ងៃទី១៤ ម្សិលមិញនេះ ក្រុមគ្រួសារបានមុជទឹករុករកម្តងទៀត ក៏ប្រទះសាកសពជនរងគ្រោះស្លាប់ក្នុងបាតអាងដែលជម្រៅប្រមាណជា៤ ម៉ែត្រដោយស្លាប់ផ្កាប់មុខ រុំដោយសារាយព័ទ្ធជុំខ្លួនសាកសពយ៉ាងធ្វើរូបគេរើមិនរួចទើបបណ្តាលស្លាប់បាត់ជីវិតនៅទីនោះតែម្តង ។
Tags:
ព័ត៌មានជាតិ