ខេត្តកំពង់ស្ពឺៈ មនុស្សបីនាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ៣៣-៣៤ ស្ថិតក្នុង ភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៧និង១៥នាទី យប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។
នគរបាលស្រុកឱរ៉ាល់ បានឱ្យដឹងថាៈ ជនរងគ្រោះទាំងបីនាក់ មានៈ
១.ឈ្មោះ សៀក ប៊យ ភេទប្រុស អាយុ៥៦ឆ្នាំ
, ២.ឈ្មោះ វៀង ឡុង ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាប្រពន្ធ របស់ឈ្មោះ សៀក ប៊យ និង
៣.ឈ្មោះ ប៊យ វិច្ឆិកា ភេទស្រី អាយុ៤ឆ្នាំ (កូន) អ្នកទាំងបី រស់នៅភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ផ្លាក លេខ កំពង់ស្ពឺ 1H -5042 បើកបរដោយឈ្មោះ សៀក ប៊យ (ប្តី) ឌុបប្រពន្ធ និងកូន ពីទិសខាងត្បូង ទៅទិសខាងជើង បម្រុងបត់ឆ្វេងឆ្លងថ្នល់ ទៅទិសខាង លិច ត្រូវរថយន្តមួយគ្រឿង មិនស្គាលម៉ាក មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បុកកិន ពេញទំហឹង បណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ប្រភពបានបន្តទៀតថាៈ ក្រោយពេលកើតហេតុ មន្ត្រីនគរបាលជំនាញ បានវាស់វែង និងប្រគល់សពជនរងគ្រោះ ទាំងបីនាក់ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី និងបន្តស្រាវជាវរក រថយន្តបង្ក។
រីឯវត្ថុតាងម៉ូតូ ត្រូវបានយកមក រក្សាទុក នៅអធិការរដ្ឋាន នគរបាល ស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី៕