ខេត្តព្រះសីហនុ÷នៅថ្ងៃទី១០.០៥.២០២២វេលាម៉ោង១៧.៣០នាទីនៅចំណុចភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី ឃាតកម្ម ០១កើតឡើង បង្កដោយជនសង្ស័យចំនួន០១នាក់ ឈ្មោះ យ៉ែម ចន្ថា ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ កម្មករដុតធ្យូង មានទីលំនៅចំនុចកើតហេតុខាងលើ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ វុន វ៉ាន់ ភេទស្រីអាយុ ៣៦ឆ្នាំ ត្រូវជាប្រពន្ធរបស់ខ្លួន (មានផ្ទៃពោះ ) មុខរបរមេផ្ទះ មានទីលំនៅជាមួយគ្នា បណ្តាលឲ្យរលូតកូនក្នុងផ្ទៃពោះ និងបានស្លាប់នៅថ្ងៃ១១.០៥. ២០២២ វេលាម៉ោង១៥.០០នាទី ក្រោយពេលបញ្ជូនទៅដល់មន្ទីរចំការចេកខេត្តព្រះសីហនុ ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង។
បន្ទាប់ពីទទួលបានពត៌មានភ្លាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានសហការជាមួយស្នងការនគរបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តកំពុងស្ពឺ ធ្វើការស្ទាក់ឃាត់ខ្លួនជនសង្ស័យខាងលើបាន នៅចំណុចលើដងផ្លូវជាតិលេខ៤ ត្រង់ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាវេលាម៉ោង ១៧ និង ០៥ ថ្ងៃទី ១២-០៥-២០២២ ខណៈពេលដែលជនសង្ស័យកំពុងជិះរថយន្តក្រុង ដើម្បីគេចខ្លួនទៅភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី ដើម្បីចាត់ការបន្តនីតិវិធី៕