នគរបាលស្រុកកំរៀងបង្រ្កាបករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង័្សយ២នាក់អនុវត្តតាមច្បាប់ ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់នគរបាលនៃអធិការដ្ឋានស្រុកកំរៀងបានឱ្យដឹងថា កាលពីថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទីនៅចំណុចក្រុមទី០១ ភូមិ ស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន១ករណីក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់គឺឈ្មោះម៉ៅ បញ្ញាវ័ន្ត ហៅទូច ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងឈ្មោះហ៊ាង រ៉ាវ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ ដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្តកិច្ចជំនាញនៃអធិការដ្ឋានស្រុកបានបន្តថា វត្ថុតាងដែលដកហូតបានរួមមាន៖ -ម្សៅពណ៌សថ្លាច្រកក្នុងប្លាស្ទិកចំនួន១៤ថង់សង្ស័យមានសារធាតុញៀន -ទូរស័ព្ទដៃចំនួន០២គ្រឿង -ដបកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០១ ដែកកេះ០១ និងថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន។ នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់៕