ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា ក្នុងវត្តត្រពាំងអំពិល និងបើកការដ្ឋានស្ថាបនាផ្លូវបេតុង ០១ ខ្សែ ប្រវែង ៥.០០០ ម៉ែត្រ ស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ ឯកឧត្តម បានលើកឡើងថា សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាបានប្តេជ្ញាធ្វើយ៉ាងណាថែរក្សាសនិ្តភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅឋិតឋេរគង់វង្ស ជូនប្រជាពលរដ្ឋជាម្ចាស់ស្រុកបានយូរអង្វែងច្រើនជំនាន់ ឱ្យស័ក្តិសមទៅនឹងទំនុកចិត្តដែលបានផ្តល់ជូន ទន្ទឹមនឹងនេះ ក៏នឹងបន្តពង្រីកឱកាសសម្រាប់ជីវភាពចម្រុងចម្រើនថែមទៀតរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានយកគោលនយោបាយបង្រួបបង្រួមជាតិ និងការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋជាកត្តាចម្បងអាទិភាពខ្ពស់បំផុត ដែលសក្ខីភាពនេះបានបង្ហាញច្បាស់តាមរយៈភាពអង់អាចក្លាហានរបស់សម្តេចក្នុងការចូលរួមផ្តួលរំលំរបបប៉ុលពត ការចចារបញ្ចប់សង្គ្រាមរុំារ៉ៃ នាំមកនូវសន្តិភាពពេញលេញ និងក្នុងដំណាក់កាលចុងក្រោយនេះ សម្តេចបានដឹកនាំ និងនាំមុខក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យគួរជាទីមោទនៈ។ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលបានកើតទើ្បងជាបន្តបន្ទាប់នៅក្នុងទីអារាមនេះ និងសូមកោតសរសើរចំពោះការខិតខំដឹកនាំកៀរគរកម្លាំងសប្បុរសធម៌រួបរួមសាមគ្គីគ្នាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះសម្រាប់ជាទីសក្ការៈ និងប្រើប្រាស់តាមគន្លងប្រពៃណីសាសនានៃយើង។ បច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋយើងមានជីវភាពរស់នៅកាន់តែល្អប្រសើរ ដូច្នេះយើងមានលទ្ធភាពធនធានគ្រប់គ្រាន់ ក្នុងការធ្វើបុណ្យធ្វើទានផ្សេងៗ និងចូលរួមកសាងសមិទ្ធផលបានច្រើន ជាឧត្តមប្រយោជន៍ក្នុងវិស័យសាសនា និងសង្គម ស្របតាមស្ថានភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង។ បើគិតពីចំនួនវត្តអារាមនៅទូទាំងប្រទេសមានរហូតដល់ជាង ៥,០០០ វត្ត ៕