បន្ទាប់ពីក្រុមការងារបច្ចេកទេសបានសាងសង់ និងរៀបចំប្រព័ន្ធលូបំពាក់ភ្លើងបំភ្លឺ កាមេរ៉ាសុវត្ថិភាព និងភ្លើងសញ្ញាចរាចររួចរាល់១០០% កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យផ្លូវទាំង ៣៨ខ្សែដែលបានបំពាក់ភ្លើងបំភ្លឺ កាមេរ៉ាសុវត្ថិភាព និងភ្លើងសញ្ញាចរាចរណ៍។
ឯកឧត្តម អភិបាលខេត្ត ក្រោយសាងសង់រួចរាល់ក្រុមការងារបានសម្អាតបរិស្ថាន រៀបចំតុបតែង កែលម្អបន្ថែមទៀតដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុងឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដើម្បីជាភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកំសាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើង ហើយឆ្នាំនេះ ខេត្តសៀមរាបនឹងរៀបចំរៀបចំពិធីសង្ក្រាន្តសៀមរាប ដែលនឹងត្រូវរៀបចំទៅលើពីរទីតាំង ទី១- នៅក្នុងក្រុងសៀមរាប ទី២- នៅប្រាសាទចៅសាយចៅទេវតា ដែលមានកម្មវិធីជាច្រើន រួមមាន កម្មវិធីជិះទូកកម្សាន្ត មានកម្មវិធី ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្បៈ នៅលើផែទឹក និងការប្រគុំតន្រ្តីខ្នាតយក្សពីរកន្លែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។
ឯកឧត្តម បានបន្តថា ផ្លូវទាំងនេះ ជាសរសៃឈាមដ៏រស់រវេីកក្នុងការបង្កេីនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារបានមួយចំណែកទៀតផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទាំង ៣៨ខ្សែ ក៏ដូចជាសាធារណជនទាំងអស់សូមចូលរួមថែរក្សាអនាម័យបរិស្ថាន សោភ័ណភាព ពិសេសសូមកុំយកចិញ្ចើមផ្លូវធ្វើជាចំណត ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ហើយអាចនឹងធ្វើឱ្យមានការខូចខាតដល់សំណង់ដែលរៀបចំរួចរាល់ផងដែរ។
ក្នុងនាមប្រជាពលរដ្ឋ ឯកឧត្តម អភិបាលខេត្តសូមពាំនាំនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់ផ្លូវ ៣៨ខ្សែ ប្រវែង ១០៦,៤២៤គីឡូម៉ែត្រ ដែលជាចំណងដៃដ៏ថ្លៃថ្លាសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ហើយផ្លូវនេះត្រៀមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕