ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការតបណ្តាញអគ្គីសនីជូនប្រជាពលរដ្ឋដែលរស់នៅចំណុចតាមូងផ្អែមស្ថិតនៅ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សូមជម្រាបជូនថា នៅចំនុចតាមូងផ្អែមនេះ
មានប្រជាពលរដ្ឋរស់នៅចំនួន១១៥គ្រួសារ ស្មើនឹង៣៨៤នាក់ ស្រី១៩៣នាក់ មាន ៩២ខ្នងផ្ទះ និងមានមត្តេយ្យសិក្សាសហគមន៍ចំនួន១ខ្នង មានសិស្សចំនួន១៩នាក់ ស្រី៤នាក់ ព្រមទាំងមានសាលាបឋមសិក្សាចំនួន១ខ្នងមានសិស្សសរុប ៩៦នាក់ ស្រី៥៥នាក់។ សូមបញ្ជាក់ផងដែរថា ចំណុចតាមូងផ្អែមនេះ គឺជាអតីតតំបន់ក្តៅ ដែលកងទ័ពខ្មែរក្រហមឈរជើង ហើយស្ថិតនៅដាច់ស្រយាលឆ្ងាយពីទីប្រជុំជន និងមិនមានអគ្គីសនីប្រើប្រាស់ឡើយ។ បន្ទាប់ពីទទួលបានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការសម្របសម្រួលផលប៉ះពាល់ និងមានការធ្វើសម្បទានពីអ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដោយបានកាប់ដើមដូងប្រេង និងដើមឈើរាប់រយដើមដើម្បីរត់បណ្តាញអគ្គិសនី។ ក្នុងនោះ ឯកឧត្ដមអភិបាលខេត្ត បានចាត់ឱ្យអគ្គិសនីខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរស្រុកកំពង់សីលា ចុះតបណ្តាញអគ្គីសនីនៅតំបន់ខាងលើឱ្យបានលឿន ដើម្បីសម្រួលដល់ការរស់នៅ និងប្រកបរបរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានមាន ប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ និងស្វែង យល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ នៅតំបន់ខាងលើទៅតាមខ្នងផ្ទះ និងបានឧបត្ថមថវិកាដល់ស្រ្តីមាន ផ្ទៃពោះចំនួន៣នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០មុឺនរៀល ដើម្បីជួយសម្រួលដល់ការចំណាយនៅពេលសម្រាលកូននាពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំ និងជំរុញដល់ក្រុមការងារតបណ្តាញអគ្គីសនី ត្រូវពន្លឿនការងាររបស់ខ្លួនដើម្បីឱ្យប្រជាពលរដ្ឋមានអគ្គីសនីប្រើប្រាស់គ្រប់ខ្នងផ្ទះបានឆាប់រហ័ស។
សូមជម្រាបជូនថាបងប្អូនប្រជាពលរដ្ឋ ដែលរស់ចំណុចតាមូងផ្អែម បានបង្ហាញនូវភាពសប្បាយរីករាយ អបអរសាទរ និងថែ្លងអំណរគុណជូនចំពោះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានយកចិត្តទុកដាក់ គិតគូរ ពីផលលំបាករបស់ប្រជាពលរដ្ឋ តាមរយៈការចាត់ចែងក្រុមការងារតបណ្តាញអគ្គីសនីជូនប្រជាពលរដ្ឋ ប្រើប្រាស់នៅពេលនេះ។