(បាត់ដំបង) សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ក្រោយពីសម្លាប់ស្ត្រីម្នាក់ដោយខឹងមិនទៅតាមខ្លួន បន្ទាប់ពីរូបគេបានបបួលស្ត្រីដៃគូទៅដើរលេង និងបេះត្រប់មិនព្រមទៅ រហូតខឹងទាញចបកាប់វ៉ៃផ្ទួនៗរហូតដល់ស្លាប់។
សមត្ថកិច្ចបានអោយដឹងថា ករណីឃាតកម្មដែលកើតឡើងលើស្ត្រីមានសតិមិនគ្រប់ខាងលើនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចផ្ទះទុកចោលមួយកន្លែង ស្ថិតក្នុងភូមិតាស្តារ ឃុំតាស្តារ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ រ៉ុង ហៅ វិត អាយុ៣០ឆ្នាំ រស់នៅចល័តមិនពិតប្រាកដ ដែលថ្ងៃកើតហេតុជនសង្ស័យខាងលើបានបបួលស្ត្រីជាដៃគូឈ្មោះ ប៉ែត រ័ត្ន ដែលមានសតិមិនគ្រប់ដូចគ្នាទៅដើរលេង នឹងទៅបេះត្រប់ដែលនៅក្បែរនោះ ប៉ុន្តែជនរងគ្រោះបានបដិសេដ្ឋមិនព្រមទៅជាមួយក៏កើតចិត្តខឹងហើយបានទាញចបកាប់វាយសំពងទៅលើស្ត្រីជនរងគ្រោះផ្ទួនៗរហូតស្លាប់រួចបានអូសទៅក្នុងផ្ទះទុកចោលជាទីជម្រករបស់ជនរងគ្រោះតែម្តង។
ក្រោយកើតហេតុភ្លាមៗនគរបាលជំនាញស្រុកសំពៅលូនបានចុះទៅពិនិត្យសាកសពជនរងគ្រោះ និងបាននាំខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរបន្ថែម និងចាត់ការតាមនីតិវិធីបន្ត៕