កំពង់ឆ្នាំង៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រោយពីមានរថយន្តដឹកត្រីមួយគ្រឿង ដែលបើកក្នុងល្បឿនយ៉ាងលឿន បន្ទាប់ពីគេចម៉ូតូឆ្លង រេចង្កូតទៅបុកផ្ទះលក់ចាប់ហួយ ធ្វើឱ្យស្ត្រីម្នាក់ជាម្ចាស់ផ្ទះកៀបជាប់រថយន្ត និង កុមារម្នាក់រងរបួសដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។
ប្រភពបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានរថយន្តដឹកត្រីមួយគ្រឿង ម៉ាកនីសាន់ ពាក់ស្លាកលេខ ភ្នំពេញ ២AL-៨៥៩១ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ដោយបានបើកក្នុងល្បឿនយ៉ាងលឿន នៅពេលបើកមកដល់ចំណុចកើតហេតុ ដែលជាកន្លែងផ្លូវខ្វែងទិសជាបួន ក៏មានអ្នកបើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ១D-១៨៦៩បើកបរដោយឈ្មោះ កុយ ថាន់ អាយុ៥៩ឆ្នាំ ភេទប្រុស រស់នៅក្នុងភូមិទួលខ្សាច់ ។
ពេលនោះអ្នកបើកបរថយន្ត បានជាន់ហ្វ្រាំងមិនស៊ី ក៏បួងចង្កូតគេចពីម៉ូតូ ក៏ជ្រុលចូលទៅផ្ទះប្រជាពលរដ្ឋពេញមួយទំហឹងតែម្តង បណ្តាលឲ្យកុមារម្នាក់ ដែលនៅកន្លែងនោះ រងរបួសធ្ងន់ដឹងសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯស្ត្រីម្នាក់ជាម្ចាស់ផ្ទះ បានរងកៀបនឹងរថយន្ត ប៉ុន្តែរថយន្តអស់ល្បឿន រងរបួសស្រាល ។
Tags:
សេដ្ឋកិច្ច