នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋ បានចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កានៅវិមាន“ព្រះបរមរតនកោដ្ឋ” ក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។
ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា នឹងប្រារព្ធឡើង នៅវិមានឯករាជ្យ នៅថ្ងៃទី៩ វិច្ឆិកា ស្អែកនេះ ដើម្បីរម្លឹកនូវឧបការៈគុណដ៏ជ្រាលជ្រៅបំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដ នៅកម្ពុជា រហូតទទួលបានឯករាជ្យ ពីអាណានិគមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕
Tags:
ព័ត៌មានជាតិ