ខណៈពេលចុះពិនិត្យសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មចំណុះអគ្គបញ្ជាការ នៃកងយោធលខេមរភូមិន្ទ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្ត ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី សម្តេចមហាបរវធិបតី នាយករដ្ឋមន្ត្រី បានជួបដោយចៃដន្យជាមួយលោកពូ គាំ អ៊ន អាយុ៦១ ឆ្នាំ នៅហាងលក់បាយមួយកន្លែង ជិតផ្សារកាបី នៅក្នុងឃុំក្រញូង សែនជ័យ ស្រុកស្នួល ខេត្ត ក្រចេះ ដែលមានអាការៈឈឺសន្លាក់ស្មាខ្លាំង និងឧស្សាហ៍ហូរឈាមតាមអញ្ចាញធ្មេញ ។
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី និងលោកជំទាបណ្ឌិត បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំលោកពូមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ព្រមទាំងបានរ៉ាប់រងរាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ហូបចុក ស្នាក់នៅ ការធ្វើដំណើរ និងថវិកាមួយចំនួនទៀតផង ។
លោកពូ និងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេកប្បការចំពោះទឹកចិត្តដ៏មហាសប្បុរស ក្នុងការជួយឧបត្ថម្ភដល់ការព្យាបាលជំងឺគាត់ ព្រមទាំងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយតាមបីបាច់ថែរក្សា សម្តេចមហាបរវធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមប្រកបនឹងពុទ្ធពរ ០៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ ៕
Tags:
ព័ត៌មានជាតិ