ពិធីបើក សិក្ខាសាលាស្តីពី ការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ និងការស្វែងយល់ពីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា
ពិធីបើកសិក្ខាសាលាស្តីពី ការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ និងការស្វែងយល់ពីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ។
សិក្ខាសាលានេះ មានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា, សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា នៃព្រះពុទ្ធសាសនា, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ , ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ មន្រ្តីរាជការសក្រសួងព័ត៌មាន ពិធីករ ពិធីការិនី តាមបណ្តាស្ថាប័នរដ្ឋ-ឯកជនផ្សេងៗ ដើម្បីស្វែងយល់ពីពាក្យពេជ្រការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ និងការស្វែងយល់ពីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវរៀបចំប្រារព្ធឡើងនាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ ។
មានប្រសាសន៍បើកសិក្ខាសាលា ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា សិក្ខាសាលានាឱកាសនេះពិតជាមានសារៈសំខាន់ណាស់ នៅក្នុងការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ និងការស្វែងយល់ពីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព ធ្វើយ៉ាងណាឲ្យបានត្រឹមត្រូវ ។
ឯកឧត្តម រដ្ឋមន្រ្តីបានមានប្រសាសន៍ផងដែលថា តាមរយៈសិក្ខាសាលានេះ សូមថ្នាក់ដឹកនាំជំនាញក្រសួងធម្មការនិងសាសនា ដែលបានចូលរួមធ្វើបទបង្ហាញនាឱកាសនេះ សូមសហការជាមួយមន្រ្តីជំនាញក្រសួងព័ត៌មាន ដែលមានឯកឧត្ត រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចង្អុលបង្ហាញអំពីការផ្សព្វផ្សាយគ្រប់ព្រះរាជសកម្មភាព នៃព្រះរាជកម្មពិធីព្រះបរមសព និងត្រៀមនៅក្នុងការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ និងការស្វែងយល់ពីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ។
តាមរយៈសិក្ខាសាលានេះ សូមមន្រ្តីរាជការក្រសួងព័ត៌មាន ពិធីករ ពិធីការិនី ទាំងស្ថាប័នរដ្ឋ-ឯកជន សូមត្រង់ត្រាប់ស្តាប់ឲ្យយល់ជ្រាបកាន់តែច្បាស់ ព្រមទាំងចូលរួមពិភាក្សាឲ្យបានសកម្មផងដែរ ។
នាឱកាសនេះ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន មានព្រះថេរដីកាស្តីពីការ រៀបចំព្រះរាជពិធីសាសនា និងពិធីជាតិ ចាត់តាំងពីការយាងចូលទិវង្គតដោយស្ងប់ស្ងៀមក្នុងព្រះរាជដំណាក់ របស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង ៥ និង៤០នាទីល្ងាច ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ គណៈសង្ឃនៃព្រះរាជណាចក្រកម្ពុជា បានរៀបចំព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព និងព្រះរាជពិធីមហាសង្ឃទានឧទ្ទិសមហារាជកុសលជាបន្តបន្ទាប់ ។
ដោយឡែក សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា បានមានព្រះថេរដីកាស្តីពីការព្រះជីវប្រវត្តិសង្ខេប និងស្នាមព្រះហត្ថដ៏ ឧត្តុងឧត្តម ដោយស្ទើរពេញមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់អស់ព្រះកាយពល ធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនា នៅក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលត្រូវបានតែងតាំងជា សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
ក្នុងព្រះនាមទ្រង់ជាសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានកសាងសមិទ្ធផល និងស្នាព្រះហស្ថជាច្រើន ក្នុងវិស័យព្រះពុទ្ធសាសនា ដែលបានរួមចំណែកយ៉ាងធំធេងកសាងសមិទ្ធផលនានាក្នុងសង្គម និងមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ពិសេសព្រះអង្គធ្វើពលិកម្មគ្រប់បែបយ៉ាងបូជាចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។
រាជរដ្ឋាភិបាល ក្រោមការចង្អុលបង្ហាញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់នឹងសោកស្រណោ អាឡោះអាល័យរកទីបំផុតគ្មាន ចំពោះការយាងចូលទិវង្គតរបស់សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណចក្រកម្ពុជា និងបានផ្តល់អនុសាសន៍បង្កើតនៅគណៈកម្មការបុណ្យថ្វាយព្រះរាជពិធីព្រះបរមសព ក្រោមការសហការពីសំណាក់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការរៀបចំធ្វើយ៉ាងណាឲ្យស័ក្តិសមទៅនឹងព្រះគុណបំណាច់ ព្រះកិត្តិយស និងព្រះមហាករុណទិគុណដ៏ធំធេង របស់សម្តេចជាអម្ចាស់ដែលបានបូជាចំពោះ ជាតិ សាសនានិងព្រះមហាក្សត្រ និងសូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលព្រះទិវង្គតទៅកាន់បរលោកឯនាយខាងមុខហើយនោះ សូមព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គបានយាងគង់ប្រថាប់ក្នុងទីឋានដ៏ខ្ពង់ខ្ពស់ ប្រកបដោយព្រះបរមសុខ កុំបីអាក់ខានឡើយ៕
Tags:
ព័ត៌មានជាតិ