ខេត្តកណ្ដាល៖ កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ នាំមកនូវការអភិវឌ្ឍឥតឈប់ឈរ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាប្ដេជ្ញាថែរក្សាសន្តិភាពនេះឱ្យបានស្ថេរ និងគង់វង្សយូអង្វែងរហូតទៅ ដើម្បីឱ្យប្រទេសជាតិរបស់យើងមានការអភិវឌ្ឍន៍បន្តទៀត។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្ដម អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងព្រះវិហារ និងបុណ្យឆ្លងសមិទ្ធផលនានា នៅក្នុងវត្តជ្រៃមាសសាគរ ស្ថិតនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្ដមអភិបាលខេត្ត បន្តថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ជាស្ថាបនិកមគ្គុទេសន៍ឯក ប្រតិបត្តិករនយោបាយឈ្នះ- ឈ្នះ ដោយបានផ្តើមចេញពីការយកអាយុជីវិត សាច់ស្រស់ ឈាមស្រស់ ធ្វើជាដើមទុនដើម្បី ស្វែងរកសន្តិភាព និងបានដាក់ចេញគោលនយោបាយស្ដារសេដ្ឋកិច្ច សង្គម ពីកំទេចផេះផង់ ឈានទៅរកការរីកចម្រើននូវផ្នែក សេដ្ឋកិច្ច នាំមកនូវការអភិវឌ្ឍឥតឈប់ឈរ ទាំងអាណាចក្រ និងពុទ្ធចក្រ រក្សាបាននូវស្ថិរភាព នយោបាយ មានសន្តិភាពពិតប្រាកដ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត ដែលមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្ត្រកម្ពុជា។
ឯកឧត្ដម បន្តថា សមិទ្ធិផលនានាក្នុងវត្តជ្រៃមាសសាគរ ដែលបានកសាងនាឱកាសនេះ គឺផ្ដើមចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយទាំអស់ ដែលបានឧបត្ថម្ភជាសំភារៈ ថវិកា ក្នុងការកសាងនូវសមិទ្ធិផលទាំងនេះឡើង។
ក្នុងឱកាសនោះដែរឯកឧត្ដមអភិបាលខេត្ត បានស្នើឱ្យរដ្ឋបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ យកចិត្តទុកដាក់ គិតគូ ប្រែក្លាយទីធ្លាវត្តអារាម ឱ្យក្លាយទៅជាកន្លែងទេសចរណ៍ បែបសាសានា និងជាទីកន្លែងធ្វើវិប្បសាសនាជាដើម។
ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរផងដែរ។