(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីស្តាប់របាយការណ៍ប្រចាំខែ និងត្រៀមរៀបចំផែនការមួយចំនួន ក្នុងការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ ក្នុងព្រឹត្តិការណ៍សំខាន់ៗ នៅខេត្តកំពង់ធំក្នុងឆ្នាំ២០២៣នេះ រួមមាន៖ ១* ពិធីសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត ២* ពិធីសម្ពោធកាត់ខ្សែបូស្ពានឆ្លងស្ទឹងសែន ជាអំណោយ សម្តេចតេជោ និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ៣* ពិធីរៀបចំសង្ក្រានកំពង់ធំ នៅក្រុងស្ទឹងសែន ៤* ពិធីទទួលភ្លើងគុកកីឡាស៊ីហ្គេមឆ្នាំ២០២៣ ឆ្លងកាត់ខេត្តកំពង់ធំ ៥* ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលទាមទារឲ្យគណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាគណៈឯកភាពក្រុងស្រុក មន្ទីរវិស័យនានា និងមន្ត្រីរាជការទាំងអស់ ចូលរួមសកម្មបន្ថែមទៀត ដើម្បីរៀបចំកិច្ចការ ការងារខាងលើនេះហើយបានល្អបន្តទៀត ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុងស្រុក មន្ទីរវិស័យនានា ដែលបានយកចិត្តទុកដាក់ចាត់ចែងការងារក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ និងការចាត់ចែងរៀបចំសន្តិសុខសណ្តាប់ធ្នាប់ បានល្អប្រសើរ ធ្វើឱ្យដំណើរការរៀបចំបុណ្យទន្លេនេះទទួលបានភាពជោគជ័យ និងមានអ្នកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ។