នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវេលាម៉ោង១២:០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឃាតកម្ម (កាប់កបណ្តាលឱ្យស្លាប់) នៅចំណុចភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៧:៣០នាទី ត្រង់ចំណុចឃ្លាំងទុកចោល ផ្លូវបេតុងព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ យ៉ាន់ រី (Danh Ri) ហៅ ខ្មៅ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម មុខរបរ ជាងចាក់សាក់ ទីលំនៅភូមិណូយអូរ ឃុំង៉ាន់យឿន ស្រុកហុងយ៉ឹន ខេត្តបាក់លាវ (កម្ពុជាក្រោម) ប្រទេសវៀតណាម។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១- ឈ្មោះ ពេជ្រ ជីវ័ន្ត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅចល័តតាមការដ្ឋានសំណង់ក្នុងរាជធានីភ្នំពេញ (ត្រូវជាបងប្អូនជីដូនមួយសាច់ថ្លៃរបស់សព)។
២- ឈ្មោះ ដា យ៉ា ភេទស្រី អាយុ២៨ឆ្នាំ (ត្រូវជាបងប្អូនជីដូនមួយរបស់សព និងត្រូវជាប្រពន្ធរបស់ឈ្មោះ ពេជ្រ ជីវ័ន្ត) ជនជាតិខ្មែរកម្ពុជាក្រោម ស្នាក់នៅចល័តតាមការដ្ឋានសំណង់ក្នុងរាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1O-2656។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕