ក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយក ឯកឧត្ដម តំណាង អគ្គនាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ នៅ អគ្គាធិការដ្ឋាន នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គាធិការដ្ឋាន ដែលបានខិតខំប្រឹងប្រែងរួមគ្នាសម្រេចបាននូវស្នាដៃជាច្រេីនក្នុងការងារអធិការកិច្ច និងអង្កេតស្រាវជ្រាវលេីបណ្តឹងតវ៉ា បណ្តឹងបរិហារ ព្រមទាំងពិនិត្យដោះស្រាយបាតុភាពអសកម្មដែលបានចុះផ្សាយក្នុងបណ្តាញសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមនានា ដែលពាក់ព័ន្ធនឹងមន្រ្តីរាជការ ក្រោមឱវាទក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា អគ្គាធិការដ្ឋាន ជាអង្គភាពផ្តល់ការគាំទ្រដល់ការអនុវត្តតួនាទី ភារកិច្ច របស់ក្រសួងមហាផ្ទៃ តាមរយៈការត្រួតពិនិត្យសកម្មភាពអនុវត្តតួនាទីភារកិច្ចរបស់មន្រ្តីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ ដូចនេះ អង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់ ត្រូវផ្តល់កិច្ចសហការជាមួយអគ្គាធិការដ្ឋាន សំដៅធ្វេីឱ្យការអនុវត្តតួនាទីភារកិច្ចរបស់មន្រ្តីរាជការឱវាទក្រសួងមហាផ្ទៃ កាន់តែល្អប្រសើរ។
សម្ដេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍ថ្នាក់ដឹកនាំ ឱ្យថ្នាក់ដឹកនាំអគ្គាធិការដ្ឋានទាំងអស់ត្រូវគាំទ្រដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ នៃអគ្គាធិការដ្ឋាន ត្រូវមានទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ ដេីម្បីសម្រេចនូវបេសកកម្មរបស់ខ្លួនបន្តទៀត។