រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ស ថេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ បានដឹកនាំក្រុមការងារចុះផ្ទាល់ជួបសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដែលមានបញ្ហាផ្នែកជីវភាព ទីទាល់ក្រខ្លាំង ចំនួន ៩គ្រួសារ ក្នុងនោះ ៣គ្រួសារនៅសង្កាត់បឹងទំពុន១ និង៦គ្រួសារ នៅសង្កាត់បឹងទំពុន២ ដោយក្នុងមួយគ្រួសារទទួលបានអំណោយឧបត្ថម្ភរបស់ឯកឧត្តម ស ថេត ចំនួន ១០ម៉ឺនរៀល អង្ករ២ការ៉ុង ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ត្រីខ ទឹកត្រី និងទឹកស៊ីអ៊ីវផងដែរ ។
ជាមួយនោះដែរប្រជាពលរដ្ឋក្រីក្រចំនួន ២៥នាក់ ក៏ទទួលបានការឧបត្ថម្ភក្នុងម្នាក់ៗ ចំនួន ៥ម៉ឺនរៀលផងដែរ។
ដោយឡែកចំពោះបងស្រីម្នាក់ដែលមានជំងឺរាំរ៉ៃ ដោយក្តីអាណិតអាសូរពីសំណាក់ ឯកឧត្តម ស ថេត បានជួយជាថវិកា ចំនួន ២០០ដុល្លារ សម្រាប់យកទៅព្យាបាលជំងឺផងដែរ។
ប្រជាពលរដ្ឋទាំងអស់ បានបង្ហាញទឹកចិត្តសប្បាយរីករាយ និងគោរពថ្លែងអំណរគុណដល់ ឯកឧត្តម ស ថេត ដែលតែងតែចំណាយពេលចុះជួយ និងជួបផ្ទាល់ជាមួយពលរដ្ឋទីទាល់ក្រ និងជួយឧបត្ថម្ភជាថវិកា សម្ភារ ដើម្បីសម្រាលទុកលំបាកដែលកំពុងតែខ្វះខាតខ្លាំង ។ ជាកិច្ចបញ្ចប់ ប្រជាពលរដ្ឋ ជូនពរឯកឧត្តម ឲ្យមានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច៕