រាជធានីភំ្នពេញ ៖ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានលើកឡើងថា ការដាំដុះ ការជួញដូរ ការប្រើប្រាស់ និងការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ផ្សេងៗនៅតែមាន និងមិនមានការថយចុះគិតទាំងពិភពលោក និងតំបន់ដែលក្នុងនោះចំនុចមួយដែលសំខាន់ គឺពាក់ព័ន្ធហិរញ្ញវត្ថុ ដែលហៅថា ហិរញ្ញទានគ្រឿងញៀន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញទានភេវរកម្ម (បសប ហ.ភ) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ ខណៈអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្អាតប្រាក់ជុំទី៩ និងជុំទី១០ ផ្សព្វផ្សាយដាក់អោយប្រើប្រាស់ប្រព័ន្ធទិន្នន័យថ្មី (Database System) និងទិសដៅការងារអនុវត្តបន្ត នាព្រឹកថ្ងៃទី១៣ មិថុនានេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្តអោយដឹងថា ការបង្ក្រាបតាមផ្លូវច្បាប់ ការចាប់ផ្តន្ទាទោសដោយមិនបានបំបាត់ប្រភពហិរញ្ញវត្ថុនេះទេ គឺមិនអាចបង្ក្រាបបទល្មើសគ្រឿងញៀននេះបានទេ។
ឯកឧត្តម ក៏បានជម្រុញឲ្យកងកម្លាំងនគរបាលទាំងអស់ ខិតខំបង្កើនសមត្ថភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ និងបានដាក់ទិសដៅការងារចំនួន៤ចំណុចដូចខាងក្រោម ៖
១-បន្តស៊ើបអង្កេតករណីដែលនៅដក់សល់នៅជុំទី៩ ដើម្បីបិទបញ្ចប់សំណុំរឿង ឬបញ្ជូនសំណុំរឿងទៅតុលាការឲ្យបានឆាប់រហ័ស។
២-បន្តស៊ើបអង្កេតករណីជុំទី១០ ដើម្បីបិទបញ្ចប់សំណុំរឿង ឬបញ្ជូនសំណុំរឿងទៅតុលាការឲ្យបានឆាប់រហ័ស។
៣-ធ្វើរបាយការណ៍ទៅប្រធានអង្គភាព លើករណីដែលសន្មត់ថាគ្មានសញ្ញាណសម្អាតប្រាក់ឲ្យបានឆាប់រហ័ស និងដាក់កាលបរិច្ឆេទតាមថ្ងៃដែលបញ្ជូនសំណុំរឿងទៅតុលាការ។
៤-ចងក្រងស្ថិតិករណីសម្អាតប្រាក់នៅតាមបណ្តាស្នងការនគរបាលរាជធានី-ខេត្ត ដើម្បីគ្រប់គ្រងទិន្នន័យឲ្យបានច្បាស់លាស់។
បើតាមរបាយការណ៍ដែលអានដោយ លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀនបានអោយដឹងថា៖ ស្ថិតិរបាយការណ៍ក្នុងជុំទី៩ ករណីគ្រឿងញៀនសរុបចំនួន ២១៤៨ករណី ក្នុនោះ ៖ ករណីតូចតាចចំនួន ១៨៧៩ករណី, ករណីធម្មតាចំនួន ២៤០ករណី, ករណីធ្ងន់ធ្ងរ ចំនួន ២៩ករណី ហើយស្ថិតិដែលសន្មត់ថាគ្មានសញ្ញាណសម្អាតប្រាក់ចំនួន ១២០ករណី។
របាយការណ៍វឌ្ឍនភាពជុំទី៩របស់កម្ពុជា ទទួលបានការកោតសរសើរពីក្រុមការងារ JG និងបានដំឡើងចំណាត់ថ្នាក់ឲ្យ I06 , I07 , I011 ទៅជា Largely addresses ប៉ុន្តែត្រូវបន្តការរាយការណ៍។
ស្ថិតិបណ្តោះអាសន្នករណីសម្អាតប្រាក់ជុំទី១០ ចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ករណីបង្ក្រាបគ្រឿងញៀនសរុបមានចំនួន១០២៨ករណី ដែលក្នុងនោះករណីតូចតាចមានចំនួន៩៦២ករណី, ករណីធម្មតាមានចំនួន៦២ និងករណីធ្ងន់ធ្ងរមានចំនួន៤ករណី បានបញ្ជូនសំណុំរឿងទៅតុលាការចំនួន៤ករណី៕