ខេតស្ទឹងត្រែង÷រថយន្តទេសចរណ៍ដឹកអ្នកធ្វើដំណើរឆ្លងខេត្តជាង៣០នាក់ បានភ្ញាក់ផ្អើលទាំងក្បាលប្រលប់ ខណ:កំពង់បើកបរសុខៗ ស្រាប់តែឆាបឆេះរថយន្តយ៉ាងសន្ធោសន្ធៅ មួយកំណាត់ក្រោយ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុង ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង៦,ជាងក្បាលប្រលប់ យប់ថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី២០ ខែកុម្ភ ឆ្នាំ២០២២។ តាមប្រភពពីអ្នកបើកបររថយន្តបានប្រាប់ឲ្យដឹងភ្លាមៗដែរថា: ដើមហេតុនៃការឆាបឆេះនោះ បន្ទាប់ពីធ្វើដំណើរកាត់តាមអូរពងមាន់ចូលមកក្រុងស្ទឹងត្រែង ដល់ចំណុចកើតហេតុខាងលើ កំពង់បើកបរសុខៗស្រាប់តែ កៀបហ្វ្រាំងកង់រថយន្តទើបបង្កឱ្យឆេះតែម្ដង។ ខណ:កំពុងឆាបឆេះពេលនោះតៃកុងរថយន្ត ក៏បានបើកបរអែបរថយន្តចូលខាងដើម្បីឈប់ ឲ្យអ្នកជិះក្នុងទាំងក្មេងចាស់ ប្រុសស្រី ឲ្យពួកគាត់នាំគ្នាចុះពីលើរថយន្ត ទើបមិនបណ្តាលឲ្យមានបង្ករបួសស្នាម ដល់បងប្អូនអ្នកជិះណាម្នាក់ឡើយ ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុនោះ ក៏បានជួយយកទឹកមកពន្លត់ផងដែរខណៈនោះ។ សមត្ថកិច្ចនគបាលជំនាញបង្ការ ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង បានឲ្យដឹងនៅថ្ងៃទី២១ នេះដែរថា: ក្រោយរថយន្តទេសចរណ៍ ធ្វើដំណើរឆ្លងកាត់ខេត្តស្ទឹងត្រែង ក៍បានជួបឧបទ្ទវហេតុឆេះរថយន្តតែម្តង តែមិនបណ្តាលឲ្យអ្នករួមដំណើរណាម្នាក់រងរបួសឡើយ។ ហើយក្រុមនគរបាលជំនាញពន្លត់អគ្គីភ័យ នៃស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក៏បានចេញរថយន្តជួយបាញ់ទឹកពន្លត់បន្ថែម ទើបធ្វើឲ្យភ្លើងរលត់ទាំងស្រុង ចំណែកទ្រព្យសម្បត្តិអ្នកដំណើរក៏មិនមានខាតបង់អ្វីដែរ គ្រាន់តែឆេះរថយន្តខូចខាតមួយចំនួនប៉ុណ្ណោះ។ ចំណែកបងប្អូនអ្នកធ្វើដំណើរក្នុងរថយន្តមានឧបត្តវហេតុខាងលើនោះ បានប្រាប់ឲ្យអ្នកសារព័ត៌មានយើងឲ្យដឹងដែរថា: ពួកគាត់ភាគច្រើនមកពីខេត្តពោធិ៍សាត់ បានជួលរថយន្តក្រុងខាងលើនេះ ដើម្បីនាំគ្នាជិះដើរទេសចរណ៍កំសាន្ត ក៏បានឆ្លងខេត្តកាត់តាមស្ទឹងត្រែង ក្នុងគោលបំណងត្រឡប់ទៅខេត្តពោធិ៍សាត់វិញ ចៃដន្យរថយន្តបានកៀបហ្រ្វាំងបណ្តាលឲ្យឆេះ នៅពាក់កណ្ដាលផ្លូវទៅវិញមិនដល់ តែសំណាងល្អបាននៅក្នុងខេត្តស្ទឹងត្រែង ងាយស្រួលរកផ្ទះសំណាក់គេងមួយយប់ ជាបណ្ដោះអាសន្នរង់ចាំស្អែកទើបរកមធ្យោបាយ ធ្វើដំណើរទៅស្រុកកំណើតជាបន្តទៀត៕