ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំសូមប្រកាសទុកឱ្យហើយ នៅពេលដែលខ្ញុំចាកចេញពីនាយករដ្ឋមន្ត្រី ខ្ញុំនឹងសម្រេចបំណងអ្នកដែលស្នើសុំឱ្យរៀបចំច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី ខ្ញុំនឹងធ្វើជូន។ ឥឡូវ អ្នកឯងចង់បានអាយុប៉ុន្មាន ប្រាប់មកម្ដងទៀត”។
សម្ដេចតេជោបានគូសបញ្ជាក់ថា ថ្ងៃមុនសម្ដេចឃើញគេបង្ហោះ គេថាច្បាប់សញ្ជាតិតែមួយ សម្រាប់គ្រប់គ្រងស្ថាប័ន៤ មិនសំខាន់ទេ សំខាន់គឺច្បាប់កំណត់អាយុ និងអាណត្តិនាយករដ្ឋមន្ត្រី។
សម្ដេចតេជោលើកឡើងថា អាណត្តិនាយករដ្ឋមន្ត្រី អត់មានកំណត់បានទេ ព្រោះការបោះឆ្នោត គឺបោះឆ្នោតរើសសមាជិកសភា មិនមែនបោះឆ្នោតដោយផ្ទាល់ ដូចជាការរើសប្រធានាធិបតីនោះទេ។ ផ្ទុយទៅវិញគឺសភាទេ ដែលជាអ្នកបោះឆ្នោតរើសនាយករដ្ឋមន្ត្រី។
សម្ដេចតេជោបានផ្ញើសារទៅអ្នកស្នើសុំនោះថា “រឿងអ្នកណាធ្វើនាយករដ្ឋមន្ត្រី នៅពេលណាគឺជារឿងបក្សរបស់គេ។ ឧទាហរណ៍ថា បើឆ្នាំ២០២៣ ខ្ញុំចាកចេញពីនាយករដ្ឋមន្ត្រី ខ្ញុំទើបមានអាយុ ៧១ឆ្នាំ គឺអត់អីទេ ប៉ុន្តែអ្នកដែលកំពុងស្នើសុំឱ្យធ្វើច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី មានអាយុ៧៣ឆ្នាំហើយ”។
សម្ដេចតេជោបានគូសបញ្ជាក់ថា ពេល នេះ សម្ដេចជានាយករដ្ឋមន្ត្រី តែក្រោយឆ្នាំ២០២៣ សម្ដេចក្លាយទៅជាឳនាយករដ្ឋមន្ត្រី ហើយដល់ឆ្នាំ២០៤០ សម្ដេចនឹងក្លាយទៅជាជីតានាយករដ្ឋមន្ត្រី។
សម្ដេចតេជោបានបន្ថែមថា ថ្ងៃមុនសម្ដេចបានប្រាប់ ទៅចៅសម្ដេចម្នាក់ដែលកំពុងរៀនមហាវិទ្យាល័យ នៅក្រៅប្រទេស ដែលមកលេងស្រុក ក្នុងពេលហូបបាយជាមួយគ្នាថា ២០ឆ្នាំទៀត ចៅឯងត្រូវប្រជែងយកដំណែងនាយករដ្ឋមន្ត្រី។ សម្ដេចតេជោក៏បានប្រាប់ទៅចៅ ឱ្យខិតខំរៀនសូត្រយកបណ្ឌិតឱ្យបាន បើមិនបានថ្នាក់បណ្ឌិតទេ គឺមិនឱ្យមកស្រុកវិញទេ។
ជាមួយគ្នានេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងសារទៅជនបរទេសទាំងឡាយ ដែលមានចេតនាចង់ធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាថា បើទោះបីសម្ដេចដកខ្លួនចេញ ឈប់ធ្វើនាយករដ្ឋមន្ត្រី ក៏សម្ដេចនៅធ្វើជាប្រធានបក្សនយោបាយមួយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំបារម្ភ ព្រោះសម្ដេចនៅតែជាប្រធានបក្សនយោបាយមួយ គឺប្រធានបក្សកាន់អំណាច ហើយនឹងក្លាយជាជីតានាយករដ្ឋមន្រ្តី៕