ខេត្តកំពង់ធំ៖ កុមារាម្នាក់លង់ទឹកស្រះស្លាប់បង្កការភ្ញាក់ផ្អើល ខណៈម្តាយរវល់មើលកូនតូច ម្នាក់ផ្សេងទៀត ។
ហេតុការណ៍ ខាងលើនេះកើតឡើងនៅវេលាម៉ោង១៣៖០០ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចស្រះទឹកក្រោយផ្ទះចំងាយ៥០ ម៉ែត្រស្ថិតក្នុងភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា; កុមារាដែលលង់ទឹកស្រះស្លាប់ ឈ្មោះ ដុង រាត្រី អាយុ៥ឆ្នាំ ឪពុកឈ្មោះ ឈួន ចន្រ្ទា អាយុ២៨ឆ្នាំ និងម្ដាយឈ្មោះ ជឹម សុភ័ណ្ឌ អាយុ២៨ឆ្នាំរស់នៅភូមិឃុំកើតហេតុ។
ស្រ្តីឈ្មោះ ជឹម សុភ័ណ្ឌ ត្រូវជាម្ដាយរបស់កុមារារង គ្រោះបានឲ្យដឹងថា មុនពេលកើតហេតុកូនរបស់គាត់នៅអង្គុយលេងជាមួយគាត់ តែគាត់រវល់មើល កូនតូចម្នាក់ទៀត ក្រោយមកបាត់កូន(កុមាររងគ្រោះ) ស្រាប់តែមានឈ្មោះ យាំ ភេទស្រី អាយុ៣៩ឆ្នាំរស់នៅភូមិជាមួយគ្នាមកសួរថាមានបាត់កូនទេ គាត់ឃើញមានស្បែកជើងនិងអាវកូនក្មេងនៅលើគោកតែបាត់មនុស្ស ខ្លួនដើររកកូនដោយ ខ្លួនឯងបានប្រទះឃើញស្បែកជើង និងអាវកូននៅក្នុងទឹកជាប់មាត់ស្រះខាងក្រោយផ្ទះចម្ងាយ៥០ម៉ែត្រ ខ្លួនក៏ពឹងឈ្មោះសែម ខុម អាយុ៤៩ឆ្នាំនៅភូមិជាមួយគ្នា ឲ្យជួយមុជទឹករាវរកទើបឃើញសពកូនរបស់ខ្លួនលង់ទឹកស្លាប់។
តាមការពិនិត្យដោយលោកគ្រូពេទ្យ លោកមេឃុំក្រវ៉ា សមត្ថកិច្ច និងលោកមេភូមិស្លាកែត សន្និដ្ឋានថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក (ថប់ដង្ហើម)មិនមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។
ក្រោយពិនិត្យសពចប់សព្វគ្រប់ សមត្ថកិច្ចប្រគល់សាកសព ជូនគ្រួសាររងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី៕