ខាងក្រោមនេះ គឺឯកសារផ្លូវច្បាប់ដែលអ្នកទិញត្រូវតែពិនិត្យមើលឲ្យបានល្អិតល្អន់ជាមុនសិនមុននឹងសម្រេចចិត្ដទិញអចលនទ្រព្យពីគម្រោងណាមួយ៖
១) ប្លង់រឹង ត្រូវតែពិនិត្យមើលប្រភេទប័ណ្ណកម្មសិទ្ធិ ពីរប្រភេទនៅពេលអ្នកទិញផ្ទះក្នុងបុរី ដំបូងគឺប្លង់រឹងមេទាំងមូលរបស់គម្រោងដែលបានកំណត់បែងចែកដីទៅជាចំណែកផ្សេងគ្នានៅក្នុងគម្រោង។
បន្ទាប់មកគឺប្លង់រឹងដែលប័ណ្ណកម្មសិទ្ធិសម្រាប់លំនៅដ្ឋាននីមួយនៅក្នុងគម្រោង។ បន្ទាប់ពីទិញអចលនទ្រព្យអ្នកទិញអាចផ្ទេរប័ណ្ណនេះទៅជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ប្រសិនបើការអភិវឌ្ឍបុរីស្របច្បាប់គួរតែមានលទ្ធភាពផ្តល់ជូនប្លង់រឹងដល់អ្នកទិញ។
២) ការចុះបញ្ជីក្រុមហ៊ុន កុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍន៍ តាមច្បាប់ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវចុះបញ្ជីដើម្បីទទួលបានការយល់ព្រមពីក្រសួងពាក់ព័ន្ធដើម្បីអាចចាប់ផ្តើមដំណើរការអាជីវកម្ម និងដំណើរការសាងសង់បាន។ ទោះជាយ៉ាងណាដំណើរការសាងសង់មិនមែនមានន័យថា គម្រោងមួយនោះកំពុងដំណើរការស្របច្បាប់នោះទេ។ ដូចនេះការចុះបញ្ជីក្រុមហ៊ុនបានត្រឹមត្រូវគឺដើម្បីធានាថាក្រុមហ៊ុនអភិវឌ្ឍន៍មួយធ្វើអាជីវកម្មស្របច្បាប់ដែលទាំង អស់នេះពិតជាជួយធ្វើឲ្យលោកអ្នកកាន់តែមានទំនុកចិត្តនៅពេលទិញផ្ទះ។
៣) ការអនុម័តផែនការមេ នេះគឺជាឯកសារមួយដ៏សំខាន់ដែលអ្នកត្រូវតែដឹងផងដែរ ចំពោះផែនការមេ (សម្រាប់គម្រោងទាំងមូល) ឯកសារនេះត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ ជាទូទៅផែនការមេត្រូវបានអនុម័តមុនពេលការសាងសង់ចាប់ផ្តើមវាគូសបង្ហាញអ្នកច្បាស់អំពីរបៀបដែលគម្រោងត្រូវបានគ្រោងទុកទោះបីគម្រោងធំ ឬតូចអ្នកអភិវឌ្ឍន៍ដែលអាចទុកចិត្តបាននឹងអាចផ្តល់ប្លង់មេឲ្យអ្នកបានឬយ៉ាងហោចណាស់ក៏ប្លង់មេថតចម្លង។
៤) អាជ្ញាប័ណ្ណសាងសង់ ក្រុមហ៊ុនសំណង់សម្រាប់បុរីបានឆ្លងកាត់ការពិនិត្យយ៉ាងហ្មត់ចត់ជាមួយក្រសួងគ្រប់គ្រងដីធ្លី។បុរីត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណសាងសង់មួយដើម្បីអាចដំណើរការសាងសង់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយស្តង់ដារ និងបញ្ចប់ការសាងសង់តាមការកំណត់បានត្រឹមត្រូវរួមជាមួយនឹងសេវាកម្មចាំបាច់សម្រាប់ គម្រោងអភិវឌ្ឍន៍នោះ។ នៅពេលដែលក្រសួងបានត្រួតពិនិត្យកត្តាទាំងនេះ រួចហើយពួកគេបានចេញអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសំណង់ផងដែរដូចនេះលោកអ្នកអាចស្នើសុំមើលអជ្ញាប័ណ្ណនេះមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយ។
៥) អាជ្ញាប័ណ្ណបុរី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញអាជ្ញាប័ណ្ណបុរីនៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំ។ នេះមានន័យថាអ្នកអភិវឌ្ឍន៍បានបំពេញគ្រប់លក្ខខណ្ឌស្របតាមការទាមទាររបស់រដ្ឋទាក់ទងនឹងគុណភាពការសាងសង់ ថវិការ ផែនការលក់ និងឯកសារពាក់ព័ន្ធមួយចំនួន៕
Tags:
ព័ត៌មានជាតិ