ខេត្តក្រចេះ៖ សមត្ថកិច្ចនគរបាលស្រុកស្នួល បានសហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលស្រែចារ និងកម្លាំងប្រជាការពារ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពឆ្កឹះជញ្ជាំងផ្ទះចូលលួចម៉ូតូមួយគ្រឿង និងលុយ២០ម៉ឺនរៀល កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ភូមិស្រែចារ ឃុំស្រែចារ ស្រុកស្នួល ។ ជនសង្ស័យ ឈ្មោះ ប៉ិច អាន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងក្រចេះ ។
ចំណែកជនរងគ្រោះឈ្មោះ ឯម សាវឿន ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ រស់នៅចំណុចចំការពោត ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ។ ស្រ្តីរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៦យប់ គាត់បានរៀបចំបិទទ្វារផ្ទះ និងបានយកម៉ូតូរបស់ខ្លួន ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1Z-8932 ដាក់ចូលក្នុងផ្ទះ ហើយបានទុកកាបូបលុយ ដែលមានលុយម្ភៃម៉ឺនរៀល រួចបានចូលដេកពីរនាក់កូនស្រី ។
លុះដល់វេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យបានធ្វើសកម្មភាពយកទួណឺវីស មួលវីសជញ្ជាំងស័ង្កសី ក្បែរទ្វារ ហើយយកដៃបើកគន្លឹះទ្វារ ចូលយកកាបូប និងបណ្ដើរម៉ូតូមកក្រៅ ហើយបោះទួណឺវីសចោលនៅទីនោះ រួចជិះម៉ូតូឆ្ពោះទៅខាងស្រុកមេមត់។ ក្រោយមកគាត់ភ្ញាក់ដឹងខ្លួន ដឹងថាបាត់ម៉ូតូ និងកាបូបលុយ ក៏រាយការណ៍មកសមត្ថកិច្ចភ្លាមៗ។
Tags:
ព័ត៌មានជាតិ