ភ្នំពេញៈ ស្ត្រីឆបោកប្រាក់ អៀត សារឹម នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ ត្រូវបានសាលាឧទ្ធរណ៍តម្កល់សាលក្រមសាលាដំបូងខេត្តកណ្ដាល ទុកជាបានការដដែល ។
លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល និង ជាចៅក្រមជំនុំជម្រះ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ បានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីឈ្មោះ អៀត សារឹម ដាក់ពន្ធនាគារមួយឆ្នាំ សងសំណងចំនួន៦ពាន់ដុល្លារ សងសំណងជំងឺចិត្ត ចំនួន៤ពាន់ដុល្លារ ។
លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល យល់ឃើញថា ចរិតប្រព្រឹត្តបទល្មើសរបស់ជនជាប់ចោទមានលក្ខណៈធ្ងន់ធ្ងរ កលល្បិចជាច្រើន ក្នុងការបោកប្រាស់ជនរងគ្រោះ ។ ដូច្នេះ តុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទ ក្នុងការប្រកាសសាលក្រមនេះ កំបាំងមុខជនជាប់ចោទ តែចាត់ទុកជាចំពោះមុខ បើកផ្លូវឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។ ក្រោយមកជនជាប់ចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមអំណាចសាលក្រមនេះ ។
គួររំលឹកថា កាលពីពេលកន្លងទៅ ដើមបណ្ដឹងបានប្រតិកម្មខ្លាំងៗ ចំពោះការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ដែលដោះលែងស្ត្រីឈ្មោះ អៀត សារឹម ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ទឹកប្រាក់១ម៉ឺនដុល្លារ ក្រោយជាប់ពន្ធនាគារជាងមួយខែប៉ុណ្ណោះ ។
ដើមបណ្ដឹងសង្ស័យថា ការសម្រេចនេះបង្កប់ភាពមិនប្រក្រតី ដោយដើមបណ្ដឹង ថានឹងដាក់បណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីស៊ើបអង្កេតសំណុំរឿងនេះ ។
Tags:
ព័ត៌មានជាតិ