រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ថ្ងៃទី២៤ កុម្ភៈ ២០២៤ នេះគឺជាខួបលើក ទី៤៥ឆ្នាំនៃការជួបគ្នាឡើងវិញរវាងខ្ញុំ ជាមួយភរិយា និងម៉ាណែតកូនប្រុសខ្ញុំ (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២៤)...

ថ្ងៃទី២៤ កុម្ភៈ ២០២៤ នេះគឺជាខួបលើក ទី៤៥ឆ្នាំនៃការជួបគ្នាឡើងវិញរវាងខ្ញុំ ជាមួយភរិយា និងម៉ាណែតកូនប្រុសខ្ញុំ (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២៤)។





 តាំងពីរៀបការថ្ងៃ៥ មករា ១៩៧៦ ប្តីប្រពន្ធខ្ញុំជួបតែរឿងអកុសលមិនមាន សេចក្តីសុខនោះឡើយ។ វាមិនគ្រាន់តែសម្រាប់ខ្ញុំ និងភរិយាទេ តែសម្រាប់ ប្រជាជនកម្ពុជានៅទូទាំងប្រទេស ដែលរស់នៅក្រោមរបប ប៉ុល ពត។


 តើមានមេដឹកនាំលើពិភពលោកនេះ ប៉ុន្មាននាក់ដែលលំបាកវេទនាដូចរូបខ្ញុំ?។

 បន្ទាប់ពីរៀបការហើយត្រូវគេ បំបែក មានកូនទីមួយគ្រូពេទ្យធ្វើឱ្យ ធ្លាក់ស្លាប់មិនទទួលបានការអនុញ្ញាត ឱ៌្យយកសពកូនទៅកប់និងមើលថែរ ភរិយាក្រោយសម្រាលកូន។ ទឹកភ្នែករបស់ខ្ញុំ និងភរិយាធ្លាក់មកច្រើនណាស់ដែលជាតំណាងឱ្យការ ឈឺចាប់។


 ច្រើនលើកណាស់ដែលទឹក ភ្នែកខ្ញុំហូរធ្លាក់ចូលក្នុងចានបាយចានបបរ។


 ខ្ញុំបែកពីភរិយា និងពីមាតុភូមិនារាត្រី ថ្ងៃ២០ មិថុនា ១៩៧៧ ក្នុងពេលដែល ភរិយាខ្ញុំមានផ្ទៃពោះជាង៥ខែ ដែល កូននោះជានាយករដ្ឋមន្ត្រីកម្ពុជានាបច្ចុប្បន្ននេះ។


 អត្ថបទនេះខ្ញុំចង់រៀបរាប់រឿងរ៉ាវដែល បានកើតឡើងនៅថ្ងៃ២៤ កុម្ភៈ ១៩៧៩ ជាថ្ងៃដែលខ្ញុំបានជួបភរិយា និងកូនខ្ញុំ នៅទីក្រុងភ្នំពេញព្រោះក្នុងការសរសេរមុនៗ និងក្នុងខ្សែភាពយន្តពុំមាន និយាយលំអិតនូវរឿងនេះទេ។


 ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ភរិយា ខ្ញុំមិនទាន់បង្ហាញខ្លួននៅឡើយទេព្រោះសភាពការណ៍នៅស្មុគ្រស្មាញណាស់នាពេលនោះ។


 ការបាត់ដំណឹងទាំងភរិយា និងក្រុមគ្រួសារទាំងមូលរយ:ពេលជាង១ខែ ក្រោយប្រទេសត្រូវបានរំដោះធ្វើឱ្យខ្ញុំគិតថាភរិយាខ្ញុំបានស្លាប់ ទៅហើយ។ 


អាស្រ័យដោយធ្លាប់មានការយល់ច្រឡំរបស់ស្ត្រីវ័យចំណាស់២នាក់ រួចមកហើយថាខ្ញុំជាប្តីរបស់គាត់ដោយឈ្មោះដូចគ្នា ដូចនេះពេលរដ្ឋមន្ត្រីក្រសួងសុខាភិបាល នូ បេង ទៅប្រាប់ខ្ញុំនាពេលល្ងាចថ្ងៃ ២៤ កុម្ភៈ ១៩៧៩ នៅក្រសួងការបរទេស ខ្ញុំមិនជឿទាល់តែសោះ។


 តែទោះយ៉ាងណាក៏ខ្ញុំដល់ម៉ោងចេញ ពីធ្វើការត្រឡប់មកផ្ទះវិញផងដែរ។

 មកដល់ផ្ទះខ្ញុំឃើញ និងជួប រ៉ានី ភរិយាខ្ញុំបន្ទាប់មកជួបកូនប្រុសខ្ញុំ ដែលនេះជាការជួបជុំរយៈពេល៤៥ឆ្នាំកន្លងមកនេះ។


 ការជួបជុំប្រពន្ធកូនឡើងវិញជារឿង សប្បាយតែសង្រ្គាមរវាងឪពុក និងកូន ក៏ចាប់ផ្តើមដែរ។ ម៉ាណែតមិនត្រឹមតែមិនព្រមហៅខ្ញុំជា ពុកប៉ុណ្ណោះទេតែគេមិនឱ្យខ្ញុំប៉ះពាល់ខ្លួនគេទៀតផង។


កាន់តែឆ្ងាយ ជាងនេះទៀតនោះគឺការតតាំងគ្នាដណ្តើមម្តាយ និងប្រពន្ធរវាងឪពុក និង កូនតូច។ ម៉ាណែតមិននិយាយច្រើន ហើយក៏មិនមានអាកប្បកិរិយាមិនល្អណាមួយ ដាក់ខ្ញុំទេគេសុភាពរាបសារលួចសម្លឹង មើលមុខខ្ញុំម្តងៗនៅមុនពេលបាយល្ងាច។ 


នៅពេលយប់ក្នុងបន្ទប់សម្រាករបស់ខ្ញុំ មានគ្រែមួយតែមិនមានពូកទេព្រោះ ខ្ញុំមិនចេះដេកពូក មានកន្ទេលក្រហម និងមុង។


 ក្រៅពីនេះមានតុ និងកៅអី សម្រាប់ខ្ញុំធ្វើការពេលយប់។ ការបំភ្លឺក្នុងបន្ទប់នាពេលនោះគឺប្រើ ចង្កៀងប្រេងកាតអាស្រ័យដោយ ទីក្រុងភ្នំពេញទាំងមូលនាពេលនោះ ពុំមានភ្លើងអគ្គីសនីប្រើប្រាស់ទេ។


 ខ្ញុំខិតខំរកស្ករគ្រាប់បានប្រហែល១០ គ្រាប់យកមកឱ្យកូន។ 


ម៉ាណែតបាន ទទួលយកស្ករគ្រាប់នេះដោយទឹកមុខ ញញឹម ឃើញស្ថានភាពបែបនេះខ្ញុំគិតថាកូនប្រហែលស្គាល់ខ្ញុំជាឪពុក របស់គេហើយ។


 ក្រោយម៉ាណែតទទួលយកស្ករគ្រាប់ ហើយ ខ្ញុំក៏ដើរទៅអង្គុយលើកៅអី ដើម្បីមើលឯកសារនៅលើតុជាមួយ ចង្កៀងប្រេងកាត។ ក្រឡេកបែរក្រោយខ្ញុំឃើញម៉ាណែត កំពុងយកស្ករគ្រាប់គប់លេងព្រោះគេ អត់ស្គាល់ថាជារបស់សម្រាប់ហូបទេ។


 ខ្ញុំខ្លោចចិត្តអាណិតកូនក៏ប្រាប់ទៅ ភរិយាខ្ញុំ ដែលទើបចេញពីបន្ទប់ទឹក ឱ្យបកស្ករគ្រាប់ឱ្យកូនញាំ។


 ខ្ញុំនៅចាំ បានថាភរិយាខ្ញុំឱ្យម៉ាណែតញាំត្រឹម ២គ្រាប់ប៉ុណ្ណោះព្រោះខ្លាចកូនក្តៅខ្លួន តែម៉ាណែតចង់ញាំទៀតព្រោះទើបនឹងផ្តាច់ដោះប្រហែល១ខែមុន ប៉ុណ្ណោះ ។


 ម៉ាណែតជាកូនស្តាប់ម្តាយ មិនទាមទារទៀតទេ និងក៏ដល់ពេល ដែលម្តាយលើកម៉ាណែតឡើងលើគ្រែដើម្បីគេង នៅម៉ោងប្រហែលជាង៩យប់។ ឃើញម៉ែកូនឡើងលើគ្រែខ្ញុំក៏ប្រញ៉ាប់ទៅទម្លាក់មុងដើម្បីសម្រាកដែរ។


 ឃើញខ្ញុំឡើងគ្រែរៀបសម្រាក ម៉ាណែតយំដេញខ្ញុំឱ្យចេញពីមុង និង ចុះពីគ្រែ។ 

អត់មានជម្រើសក្រៅពីចុះ ចាញ់កូនសុខចិត្តចុះចេញពីគ្រែមក អង្គុយធ្វើការរង់ចាំកូនដេកលក់ទើប ហ៊ានឡើងទៅដេកលើគ្រែវិញដោយ ដាក់កូនទៅកៀនគ្រែកៀកជញ្ជាំង។

 ពេលព្រឹកត្រូវក្រោកឱ្យបានឆាប់កុំឱ្យ ម៉ាណែតឃើញ។ ការធ្វើបែបនេះអស់ប្រហែលជាង១០ថ្ងៃ។ នេះពិតជាស្នេហាកញ្ឆក់ កន្ដៀតមែន តាំងពីពេលរៀបការ រហូតដល់ម៉ាណែតព្រមទទួលស្គាល់ថាជាឪពុក។ នេះហើយជាផលវិបាកនៃសង្រ្គាមនិង របបប្រល័យពូជសាសន៍ដូចនេះត្រូវ រួមគ្នាការពារសន្តិភាពឱ្យខាងតែបាន ទោះត្រូវបង់ថ្លៃដោយតម្លៃណាក៏ដោយ៕





 




Previous Post Next Post