រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីការត្រៀមការពារសុវត្ថិភាពកិច្ចប្រជុំកំពូលអាស៊ាន នៅទីស្ដីការក្រសួងមហាផ្ទៃ...

នាព្រឹកថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីការត្រៀមការពារសុវត្ថិភាពកិច្ចប្រជុំកំពូលអាស៊ាន នៅទីស្ដីការក្រសួងមហាផ្ទៃ។

 

 កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ កត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

 

 អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានរម្លឹកថាឆ្នាំនេះ គឺជាលើកទី៣ ហើយដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានប្ដូរវេន ហើយដែលកិច្ចប្រជុំលើកនេះក៏មិនខុសពីកិច្ចប្រជុំដែលកម្ពុជាធ្លាប់រៀបចំ និងបណ្ដាប្រទេសសមាជិកអាស៊ានបានរៀបចំជារៀងរាល់ឆ្នាំនោះដែរ គឺមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំអាស៊ាន និងបណ្ដាមេដឹកនាំបណ្ដាប្រទេសដៃគូអាស៊ានផ្សេងទៀត។

 

 សម្ដេចក្រឡាហោម ស ខេង បានបន្តថាកិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត និងជាការផ្ដល់កិត្តិយសមួយទៀតដែរ សម្រាប់កម្ពុជាលើឆាកអន្តរជាតិ ដែលក្នុងនោះក៏ទាមទារឱ្យមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធានាសុវត្ថិភាពឱ្យបានល្អប្រសើរបំផុត និងដាច់ខាតសម្រាប់ថ្នាក់ដឹកនាំនានា ពិសេសគឺប្រធានប្រតិភូទាំងអស់ដែលនឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

 

 សម្ដេចឧបនាយករដ្ឋមន្រ្តី បានបន្តថាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន និងតាមរយៈការប្ដេជ្ញាចិត្តអនុវត្តតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្ដេចមានសេចក្ដីសង្ឃឹមជឿជាក់ថាកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាប្រធាននាឆ្នាំនេះនឹងប្រព្រឹត្តទៅដោយជោគជ័យ។ ពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខបម្រើឱ្យកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាន៍បញ្ជាក់ទៅកាន់អង្គប្រជុំថាឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ គឺជាប្រធានគណៈកម្មការការពារសន្តិសុខ ដោយឯកឧត្តមបានរៀបចំនូវផែនការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសម្រាប់កិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធនេះរួចជាស្រេច។

 

 នាឱកាសនោះ ដោយបានការអនុញ្ញាតពីសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម នាយឧត្តម សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអញ្ជើញថ្លែងរបាយការណ៍សង្ខេប និងមានមតិមួយចំនួនជូនសម្ដេច ព្រមទាំងអង្គប្រជុំ អំពីការងារសំខាន់ៗពាក់ព័ន្ធនឹងភារកិច្ច និងការទទួលខុសត្រូវរបស់គណៈកម្មការ មុននឹងសម្ដេចក្រឡាហោមបានបន្តដឹកនាំកិច្ចកិច្ចប្រជុំពិភាក្សាគ្នាបន្ថែមទៀតលើការងារដ៏មានសារៈសំខាន់នេះ។ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បាននិងកំពុងរៀបចំនៅកម្ពុជាចាប់ពីខែមករា ឆ្នាំ២០២២ រហូតដល់ខែធ្នូ ឆ្នាំ២០២២ ដោយមានកិច្ចប្រជុំសរុបប្រមាណ៥៤ ក្នុងនោះកិច្ចប្រជុំធំៗមាន២ គឺកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ កាលពីខែមេសាក្នុងក្របខ័ណ្ឌសមាជិកអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ រៀបចំក្នុងខែវិច្ឆិកាខាងមុខនេះរវាងប្រទេសសមាជិកអាស៊ានជាមួយបណ្ដាប្រទេសដៃគូ។ 

 

សូមបញ្ជាក់ថា មានគណៈប្រតិភូបរទេសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នៅកម្ពុជា ប្រមាណ២៨គណៈប្រតិភូ ដូចជាគណៈប្រតិភូប្រទេសសមាជិកអាស៊ានដោយមិនរាប់កម្ពុជា គណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន គណៈប្រតិភូដៃគូពិភាក្សាប្រមាណ១០គណៈប្រតិភូទៀត និងគណៈប្រតិភូដៃគូអភិវឌ្ឍន៍ រួមទាំងវិស័យផ្សេងៗប្រមាណ៨ទៀត៕អត្ថបទពីក្រសួងមហាផ្ទៃ

 




 

Previous Post Next Post