Thursday, June 16, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង ប្រចាំទីក្រុងបាងកក ប្រទេសថៃ(HKETO) ដឹកនាំដោយលោក Sheung Yuen Lee ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពីអង្គភាពពាក់ព័ន្ធផងដែរ។ 

 

ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ ប្រទេសកម្ពុជា ក៏ដូចជាដើម្បីវាយតម្លៃអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគឱ្យបានទូលំ ទូលាយនៅកម្ពុជាផងដែរ។

 

 ជាកិច្ចចាប់ផ្តើម លោក Sheung Yuen Lee នាយកការិយាល័យHKETO បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលលើកទីប្រាំពីរនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងហុងកុង និងបានជម្រាបជូនអំពីសកម្មភាពការងារ បទពិសោធន៍ និងការអនុវត្តល្អរបស់ខ្លួនទាក់ទងនឹងជំនាញ គ្រប់គ្រងកំពង់ផែលំដាប់ថ្នាក់ពិភពលោក និងសក្កានុពលសំខាន់ជាច្រើន និងបានបង្ហាញចំណាប់ អារម្មណ៍ចំពោះការផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមាន និងការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ កម្ពុជាផងដែរ។

 

 ជាមួយគ្នានោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីគំនិត ផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) ដែលមានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន ក្នុងនោះរួមមានការកសាងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿន លឿនលើកដំបូងបង្អស់របស់កម្ពុជាផងដែរ។

 

 ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់លោកស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងបានបង្ហាញជំនឿយ៉ាងមុតមាំថាគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវនេះនឹងនាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសផងដែរ។

 

 ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើការប្រៀបធៀបអំពីដំណើរអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាក្នុងឆ្នាំ ១៩៩៨ ដែលកាលនោះកម្ពុជានៅមិនទាន់មានផ្លូវបេតុងកៅស៊ូធ្វើដំណើរឆ្ពោះទៅកាន់បណ្ដារាជធានី-ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជានៅឡើយទេ ផ្លូវភាគច្រើនគឺជាផ្លូវដី ប៉ុន្តែសព្វថ្ងៃនេះយើងអាចធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់បណ្ដារាជធានី-ខេត្តនានានៅទូទាំងប្រទេស តាមរយៈបណ្ដាញផ្លូវដែលធ្វើអំពីបេតុងកៅស៊ូ និងកំពុងស្ថិតក្នុងដំណាក់កាលពង្រីក និងលើកម្រិតគុណភាពផ្លូវពីពីរគន្លងទៅបួនគន្លងនៅតាមបណ្ដាផ្លូវសំខាន់ៗមួយចំនួន ដែលជាឆ្អឹងខ្នងសម្រាប់ការទ្រទ្រង់សេដ្ឋកិច្ចដូចជា៖ ផ្លូវជាតិលេខ៥ តភ្ជាប់រាជធានីភ្នំពេញទៅកាន់ប្រទេសជិតខាងដូចជាថៃ និងវៀតណាម និងជាផ្លូវអាស៊ានហាយវេលេខ១ ផ្លូវជាតិលេខ៣ពីភ្នំពេញទៅកាន់ទីរួមខេត្តកំពត និងបណ្តាញផ្លូវសំខាន់ជាច្រើនទៀត តាមរយៈការផ្តល់ ជំនួយគាំទ្រពីប្រទេសចិន ជប៉ុន កូរ៉េ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូអភិវឌ្ឍន៍ជាច្រើនផ្សេងទៀតផងដែរ។ 

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនអំពីគម្រោងវិនិយោគសំខាន់ៗសម្រេច បានរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដែលក្នុងនោះមាន៖ បណ្ដាញផ្លូវ ចំនួន៣៧ខ្សែដែលទើបបានកសាង និងបញ្ចប់ជាស្ថាពរនៅក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវ៣៨ ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបជាដើម និងការរៀបចំផែនការមេភស្តុភារកម្មកម្ពុជា។ 

 

 ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា៖ គណៈប្រតិភូការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្មហុងកុង នឹងពិចារណាលើការអភិវឌ្ឍគម្រោងសំខាន់ៗប្រមាណ៣៣០គម្រោង ត្រូវការទុនវិនិយោគ ប្រមាណ៥០ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំ ដែលបានលើកឡើងនៅក្នុងផែនការមេភស្តុភារកម្ម ដើម្បីចូលរួមចំណែកក្នុងការបង្កើនឧត្តមភាពប្រកួតប្រជែងវិស័យភស្តុភារកម្ម និងការដឹកជញ្ជូនរបស់ ម្ពុជា ហើយបន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរអំពីវឌ្ឍនភាពនៃការរៀបចំផែនការមេភស្តុភារកម្ម ដែលនឹងត្រូវអនុម័តដោយរាជរដ្ឋាភិបាលនាពេលខាងមុខនេះ៕ 

 








 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136