Thursday, June 30, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ។

 

 លោកឧត្តមសេនីយ៍ទោ វៀក សុភាព នាយកសាលានគរបាលជាតិភូមិភាគ៣ មានប្រសាសន៍ថា វត្តមានសម្ដេចក្រឡាហោមនាឱកាសនេះ ជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់របស់ សម្ដេច ចំពោះអង្គភាពបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ ព្រមទាំងផ្ដល់កិត្តិយស និងកម្លាំងចិត្តឱ្យខិតខំប្ដេជ្ញាចិត្តខ្ពស់ និងឆន្ទៈកាន់តែខ្ពស់ក្នុងការបំពេញភារកិច្ចឱ្យសម្រេចបានជោគជ័យស្របតាមទស្សនៈដឹកនាំ កំណែទម្រង់ របស់ សម្ដេច និងផែនការដែលបានកំណត់។ 

 

 លោកឧត្តមសេនីយ៍ទោបន្តថាថ្មីៗនេះ តាមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម អភិបាលខេត្តព្រះសីហនុ បានជួយកសាងអគារស្នាក់នៅកម្ពស់២ជាន់ គិតជាប្រាក់ជាង៥០ម៉ឺនដុល្លារ ចំណែកអភិបាលខេត្តតាកែវ ជួយថវិកា២០ម៉ឺនដុល្លារលើតម្លៃសរុបចំនួន៤៥ម៉ឺនដុល្លារដើម្បីសាងសង់អគារសិក្សាកម្ពស់២ជាន់ ខណៈអភិបាលខេត្តកំពង់ស្ពឺ ជួយសាងសង់ផ្លូវបេតុងប្រវែង១៨៨០ម៉ែត្រ និងប្រព័ន្ធលូប្រវែង៥០០ម៉ែត្រ គិតជាទឹកប្រាក់ប្រហែល៨០ម៉ឺនដុល្លារ។ 

 

 លោកឧត្តមសេនីយ៍ទោ បន្តថាជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានចូលរួមជួយសាងសង់ឡដុតសម្រាប់ខ្នាតមធ្យម ប្រើចន្តរអគ្គិសនីដើម្បីជួយរក្សាបរិស្ថានល្អ និងអនាម័យស្អាតផងដែរ។ 

 

លោកបន្តថាប្រសិនសមិទ្ធផលទាំងនេះសម្រេចបាន១០០ភាគរយនោះ ពិតជាបញ្ជាក់ច្បាស់ថាសាលានគរបាលជាតិភូមិភាគ៣ បាននិងកំពុងអភិវឌ្ឍន៍សម្រេចបាន៦០ភាគរយហើយ ធៀបនឹងស្តត់ដាគុណភាពអប្បមា និងប្លង់មេដែលបណ្ឌិត្យសភានគរបាលជាតិកម្ពុជាបានកំណត។

 

 លោកឧត្តមសេនីយ៍ទោ វៀក សុភាព ក៏បានឱ្យដឹងដែរថាសាលានគរបាលជាតិភូមិភាគ៣ បានបណ្ដុះបណ្ដាលមន្រ្តី និងសិស្សនគរបាលក្របខ័ណ្ឌថ្មីមកពីខេត្ត៦រួមមាន ខេត្តកំពង់ស្ពឺ ព្រះសីហនុ តាកែវ កំពត កែប និងកោះកុង សរុបចំនួន៦ ៦៣៧នាក់ នារីជិត៥០០នាក់ ខណៈឆ្នាំនេះ បាននិងកំពុងបណ្ដុះបណ្ដាលសិស្សនគរបាលជំនាន់ទី១៥ លើកទី២ ចំនួន១៣៣នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តតាកែវ២០នាក់ និងខេត្តកោះកុង១១៣នាក់ ដែលបានប្រឡងជាប់ក្របខណ្ឌឆ្នាំ២០២។

 

 អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថានេះជាលើកទី១ហើយ ដែល សម្ដេច បានអញ្ជើញមកដល់សាលានគរបាលជាតិភូមិភាគ៣នេះ។

 

 សម្ដេចក៏បានរម្លឹកថាកន្លងមក ទីតាំងសាលានេះ ជាអតីតទីតាំងផលិតគ្រឿងញៀនដ៏ធំមួយដែលសមត្ថកិច្ចបង្ក្រាបបាន ហើយត្រូវបានតុលាការកំពូលសម្រេចប្រគល់ដីនេះមកឱ្យក្រសួងមហាផ្ទៃ ទើបក្រសួងរៀបចំទីនេះជាសាលាបណ្ដុះបណ្ដាលនគរបាលភូមិភាគ៣តែម្ដង។ 

 

សម្ដេចបានណែនាំអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ រៀបចំចុះបញ្ជីដីធ្លីទីតាំងនេះ ក្នុងបញ្ជីសារពើពន្ធរបស់រដ្ឋឱ្យបានឆាប់និងជាបន្ទាន់ ដើម្បីធានាការពារផលប្រយោជន៍សាធារណៈ និងបន្តថា បើទោះបីជាទីតាំងនេះដីនៅទំនេរច្រើនមែន ប៉ុន្តែក៏មានការងារច្រើនត្រូវធ្វើលើទីតាំងទាំងនោះដែរ ក្នុងនោះសម្ដេច បានផ្ដួចផ្ដើមឱ្យរៀបចំទីតាំងចិញ្ចឹមសត្វ ដូចជាគោនិងពពែជាដើម ហើយសាលាត្រូវសហការជាមួយមន្រ្តីជំនាញកសិកម្ម ដោយសម្ដេចនឹងផ្ដល់ពូជឱ្យសាលារៀបចំចិញ្ចឹម។

 

 ពាក់ព័ន្ធនឹងដំណើរការអភិវឌ្ឍសាលានគរបាលជាតិភូមិភាគ៣នេះដែរ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តពាក់ព័ន្ធនឹងភូមិភាគ៣នេះ ដែលបានរួមកម្លាំងសាមគ្គីគ្នារំលែកថវិកាមកចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចដែលលោកឧត្តមសេនីយ៍ទោ វៀក សុភាព បានរាយការណ៍។ 

 

សម្ដេចចាត់ទុកថានេះជាការរួមចំណែកដ៏មានសារៈសំខាន់ ពិសេសក្នុងពេលរដ្ឋកំពុងសន្សំការចំណាយក្នុងស្ថានភាពកូវីដ-១៩។ 

 

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុកការងារបណ្ឌិត្យសភានគរបាលកម្ពុជា រួមទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពនានា ដែលខិតខំរួមគ្នាធ្វើឱ្យសម្រេចគោលបំណងមួយដែលសម្ដេចគូសបញ្ជាក់ថា«ធ្វើឱ្យនគរបាលយើងទៅជានគរបាលរបស់ប្រជាពលរដ្ឋ កុំឱ្យពលរដ្ឋខ្លាចនគរបាល កែប្រែឱ្យប្រជាពលរដ្ឋមានវប្បធម៌ស្រលាញ់ចូលចិត្ត និងជឿជាក់លើនគរបាលដែលជាអ្នកបំរើគាត់ ហើយនគរបាលក៏ចាត់ទុកពលរដ្ឋជាចៅហ្វាយដែលត្រូវបំរើសេវាជូន»។

 

 ពាក់ព័ន្ធនឹងតួនាទីរបស់នគរបាលជាតិ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា«នគរបាលជាតិជាតួអង្គមួយដ៏សំខាន់ក្នុងការកសាងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាំងពីក្រោមដល់លើ ហើយមិនមែនតែកម្ពុជាទេ ប្រទេសណាក៏ដូចគ្នា»។

 

 សម្ដេចបានបន្តថា«ការងារអ្វីក៏ថ្លៃថ្នូរដែរ មានតែមនុស្សទេដែលមានថ្លៃថ្នូ និងមិនថ្លៃថ្នូរ។ ជួនអីមន្រ្តីពាក់ផ្កាយ២ ផ្កាយ៣ទៅធ្វើអំបើផ្ដេសផ្ដាស»៕

 






 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136