រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ 2022

នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ។ 

 

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC)។ គម្រោងស្ពានអាកាស និងផ្លូវក្រោមដីនេះ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។

 

 គម្រោងនេះ ប្រើប្រាស់ពេលវេលាសាងសង់ ៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារ។

 

 សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកសម្ពោធដាក់អោយប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនាថ្ងៃនេះ។ 

 

សម្តេចតេជោបានមានប្រសាសន៍ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់រាជធានីភ្នំពេញ ក្នុងចំណោមសមិទ្ធផលផ្សេងៗទៀតក្រោយពីយើងទទួលបានសុខសន្តិភាព។

 

 សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី គឺឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងមានកំណើនជារៀងរាល់ថ្ងៃនេះ។ 

 

សម្តេចតេជោបានថ្លែងនូវការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ។

 

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សមិទ្ធផលស្ពានអាកាស និងផ្លូវក្រោមដីនៅរាជធានីភ្នំពេញដែលបានសាងសង់កន្លងមក គឺបានប្រើនយោបាយយកក្រុងចិញ្ចឹមក្រុង ឬអាចហៅថា យកស្លឹកត្នោតខ្ចប់ស្កត្នោត ពីព្រោះដោយសារតែទាំងអស់នេះបានថវិកាមកពីការអភិវឌ្ឍកោះពេជ្រ ក៏ដូចជាតំបន់នានាក្នុងទីក្រុងភ្នំពេញ ដើម្បីយកមកអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ក្នុងទីក្រុងភ្នំពេញ។

 

 នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចកំពុងពិចារណាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំដាក់យុទ្ធសាស្ត្របន្ថែមទៅលើបញ្ហាប្រេងឥន្ធនៈ ដោយសម្តេចចង់ឱ្យមានរៀបចំស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេង ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ 

 

សម្តេចតេជោបានថ្លែងថា នៅពេលមានសង្គ្រាម ទើបមើលឃើញនូវតម្លៃសុខសន្តិភាព។ 

 

សម្រាប់ប្រទេសកម្ពុជា បានមើលឃើញពីសារៈសំខាន់នៃសុខសន្តិភាពតាំងពីឆ្នាំ១៩៧០។ 

 

កត្តាសន្តិភាពជាចំណុចចាប់ផ្តើមដំបូង បើគ្មានសុខសន្តិភាពទេ គឺគ្មានការអភិវឌ្ឍអ្វីទាំងអស់។ 

 

សម្តេចតេជោហ៊ុន សេន បានមានប្រសាសន៍ទៅកាន់បងប្អូនជនរួមជាតិថា សម្តេចនៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ 

 

សម្រាប់ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេននាពេលខាងមុខ។

 

 ទាក់ទងទៅនឹងសេដ្ឋកិច្ចកម្ពុជាសម្តេចតេជោបានមានប្រសាសន៍ថា រយៈពេល៣ខែនាឆ្នាំនេះ ស្ថានភាពសង្គមគឺមានភាពខុសគ្នាឆ្ងាយដាច់ពីឆ្នាំ២០២១កន្លងទៅ។

 

 ដោយសារតែពេលនោះ ជាពេលលំបាកបំផុតដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ ដែលពេលនោះយើងបានបង្ខំចិត្តដាក់ចេញវិធានការជាច្រើន ដើម្បីធានាអាយុជីវិតរបស់ប្រជាពលរដ្ឋ។

 

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រយៈពេល៩ខែ គិតចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មកដល់ពេលនេះ កម្ពុជាជីកមាសបាន ២,២៧៥គីឡូ ចំនួននេះគិតត្រឹមមួយកន្លែងប៉ុណ្ណោះ។

 

 សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា នៅថ្ងៃទី៣០ ខែមីនា ជាថ្ងៃដែលសម្តេចសប្បាយចិត្តខ្លាំងជាងគេ ដោយសារពន្ធដារបានបំបែកឯកទគ្គកម្មសម្រាប់ចំណូលផ្ទៃក្នុង ដោយប្រមូលបាន ២៣៦លានដុល្លារ។

 

 ក្នុងរយៈពេលមួយ​ ខែមីនានេះ អាចបានចំណូលប្រមាណ៧០០លានដុល្លារ។

 

 ចំណូល ខែមករាប្រមាណ២៨៨លាន ខែកុម្ភៈប្រមាណ២២៣លាន ខែមីនាប្រមាណ៧០០លាន។

 

 សរុបរយៈពេល៣ខែឆ្នាំ២០២២ ចំណូលបានជាង១២០០លានដុល្លារ។ 

 

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំឱ្យពន្លឿននៃការលើកកម្រិតអ្នកមានប្រាក់សោធននិវត្តន៍ដែលទាបឱ្យលឿនបន្តិច។​ សម្តេចបានណែនាំឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រៀបចំបង្កើនថវិកាសម្រាប់អ្នកមានប្រាក់បៀវត្សរ៍ទាប ជាពិសេសអតីតយុទ្ធជន។ 

 

ការធ្វើបែបនេះគឺដើម្បីដោះស្រាយវិសមភាពប្រាក់ចូលនិវត្តន៍របស់មន្ត្រីរាជការ។ 

 

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សម្តេចតេជោបានណែនាំឱ្យប្រជាពលរដ្ឋជួបជុំលេងសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តែត្រូវបន្តអនុវត្តន៍វិធានសុខាភិបាល ជាពិសេសវិធានការ ៣កុំ និង៣ការពារបានជាប់ខ្លួនជានិច្ច។ 

 

 មុននឹងបញ្ចប់​ សម្ដេចតេជោបានអបអរសាទរចំពោះសមិទ្ធផលស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅនៅថ្ងៃនេះ។

 

 សម្តេចតេជោបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា និងបានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ចាប់ពីពេលនេះតទៅ៕







 

Previous Post Next Post