រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣០៥គ្រួសារ

ខេត្តកណ្ដាល÷រសៀលថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣០៥គ្រួសារ រស់នៅតាមខ្នងទំនប់៩៤ និង៩៦ ដែលរងគ្រោះខ្លាំងដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត និងមានជីវភាពលំបាកខ្វះខាត ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ស្ថិតក្នុងឱកាសនេះដែរ ខ្ញុំសូមពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត។ 

 

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ចុះពិនិត្យមើល អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។ 

 

ជាមួយគ្នានេះដែរ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្បែរមាត់ទឹក សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្មេងៗគឺមិនត្រូវបណ្តែតបណ្តោយឱ្យពួកគាត់លេងទឹក ដែលអាចនាំអោយមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអាសិរពិស នឹងត្រូវហូបស្អាត ផឹកស្អាត ប្រកបដោយអនាម័យខ្ពស់ និងបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ដោយត្រូវគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានអនាម័យ របស់ក្រសួងសុខាភិបាល ជាពិសេស យ័ន្តដ៏ស័ក្តិសិទ្ធិ របស់ សម្តេចតេជោ គឺ ៣.ការពារ ៣.កុំ ជាពិសេសត្រូវអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។ ជាងនេះទៅទៀត សូមស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ រក្សានូវសន្តិសុខ សុវត្ថិភាព ចំពោះប្រជាពលរដ្ឋដែលបានមករស់នៅលើទីទួលសុវត្ថិភាព និងប្រជាពលរដ្ឋដែលរស់នៅជាប់មាត់ទឹកផងដែរ។ 

 

សូមជម្រាបជូនថាកន្លងទៅ ជំនន់ទឹកស្ទឹងព្រែកត្នោត ហូរធ្លាក់ពីផ្នែកខាងលើ តាមសណ្តរស្ទឹងព្រែកត្នោត ហូរចាក់មកក្នុងភូមិសាស្ត្រក្រុងតាខ្មៅមានកម្រិតបរិមាណច្រើន បានបណ្ដាលជាទឹកជំនន់ ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម មួយចំនួន ក្នុងនោះ ក្រុងតាខ្មៅ ប៉ះពាល់សង្កាត់ចំនួន ៤ ក្នុងចំណោម១០សង្កាត់ ប៉ះពាល់ភូមិចំនួន១៦ លើ៥៩ភូមិ មានប្រជាពលរដ្ឋចំនួនគ្រួសារ១ ១៨៥គ្រួសារ ស្មើនឹង១ ៩៣៨នាក់ ប៉ះពាល់ខ្នងផ្ទះចំនួន ១ ១០៩ខ្នងផ្ទះ ប៉ះពាល់ផ្លូវបេតុងប្រវែង១ ៥៥០ម៉ែត្រ និងផ្លូវលំប្រវែង ៣១៥០ម៉ែត្រ។ 

 

អំណោយដែលបានប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង៣០៥គ្រួសារ នាពេលនេះ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ២០ គ.ក មី១កេស ត្រីខ១យួរ ទឹកសុទ្ធ១កេស ម៉ាស១ប្រអប់ អាល់កុល១ដប និងថវិកា៦ម៉ឺនរៀល៕







 

Previous Post Next Post