រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ចាស់ទុំដែលឆ្លងកាត់ជីវិតនៅសម័យខ្មែរក្រហម ចែករំលែកព្រឹត្តិការណ៍ដែលជួបប្រទះដល់យុវជនជំនាន់ក្រោយ ដើម្បីការចងចាំ និងចូលរួមបង្ការ ទប់ស្កាត់កុំឱ្យរបបប្រល័យពូជសាសន៍ខ្មែរក្រហមវិលត្រឡប់មកវិញសាជាថ្មី...

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តក្រចេះ បានលើកទឹកចិត្តដល់ចាស់ទុំដែលឆ្លងកាត់ជីវិតនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (របបខ្មែរក្រហម ប៉ុល ពត) ជួយចែករំលែកពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងរឿងរ៉ាវដែលបានជួបប្រទះដល់យុវជនជំនាន់ក្រោយ ដើម្បីឱ្យយុវជនជំនាន់ក្រោយបានយល់កាន់តែច្បាស់ពីភាពឈឺចាប់របស់ពលរដ្ឋខ្មែរក្នុងអំឡុងនៃរបបខ្មែរក្រហម និងការឆ្លងកាត់ជីវិតក្នុងភ្នក់ភ្លើងសង្គ្រាមដើម្បីការចងចាំ និងជៀសវាងជាន់ដានអតីតកាល។


 ការលើកទឹកចិត្តបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញសម្ពោធកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់នូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុ ជាឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ និងខណៈកម្ពុជានឹងប្រារព្ធពិធីទិវាជាតិនៃការចងចាំនាថ្ងៃទី២០ ខែឧសភា ខាងមុខ។

 ឯកឧត្តម នេត្រ ភក្ត្រា បានលើកទឹកចិត្តយ៉ាងដូច្នេះថា៖ «ខ្ញុំសុំលើកទឹកចិត្តឱ្យអ៊ុំៗ ពូ មីង ជាចាស់ទុំ ដែលបានឆ្លងកាត់របបខ្មែរក្រហម ជាសាក្សីរស់ សូមអ៊ុំៗ និយាយប្រាប់ក្មេងៗ កូន ចៅ ពីស្ថានភាពនៃរឿងរ៉ាវអតីតកាលដែលកម្ពុជាបានឆ្លងកាត់របបប្រល័យពូជសាសន៍ សង្គ្រាមស៊ីវិល ការកាប់សម្លាប់ដោយរបបខ្មែរក្រហម ដើម្បីរំឮកការចងចាំដែលបានកើតឡើងក្នុងអតីតកាលនៅកម្ពុជា ក្រោមដឹកនាំរបស់របបខ្មែរក្រហម ដែលបានកាប់សម្លាប់ប្រជាជនស្លូតត្រង់ ដើម្បីយុវជនជំនាន់ក្រោយបានចងចាំ និងចូលរួមទប់ស្កាត់កុំឱ្យរបបដ៏សាហាវយ់ងឃ្នងនេះវិលត្រឡប់មកវិញ និងចូលរួមថែរក្សាសុខសន្តិភាពដែលកម្ពុជារកបានដោយពិបាកនេះ»។

 ឯកឧត្តម នេត្រ ភក្ត្រា បានរម្លឹកថា ក្រោមការដឹកនាំរបស់ខ្មែរក្រហមរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ កម្ពុជាបានធ្លាក់ក្នុងនរកអវជ័យ ហេដ្ឋារចនាសម្ព័ន្ធសង្គមត្រូវបានបំផ្លិចបំផ្លាញ វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ជាតិត្រូវបានលុបបំបាត់ទាំងស្រុង។ ក្រៅពីការជម្លៀសប្រជាជនចេញពីទីក្រុង ក្រុមខ្មែរក្រហម ប៉ុល ពត បានបំបាត់ចោលទីក្រុងទីប្រជុំជន បង្ខំប្រជាជនឱ្យ «ហូបរួម នៅរួម» និងធ្វើពលកម្ម និងទារុណកម្មធ្ងន់ធ្ងរដូចទាសករ។

 ខ្មែរក្រហមបានលុបបំបាត់វត្តអារ៉ាម សាលារៀន មន្ទីរពេទ្យជាដើម។ ប្រជាពលរដ្ឋជាង ៣លាននាក់ ត្រូវបានសម្លាប់យ៉ាងវេទនាបំផុតដោយការធ្វើទារុណកម្ម ការអត់អាហារ ការសម្លាប់ ការបោសសម្អាតផ្ទៃក្នុង និងអំពើអមនុស្សធម៌ផ្សេងទៀត។

 ដូច្នេះ នៅចំពោះមុខនៃមហាសោកនាដកម្មនេះ កម្លាំងនៃអ្នកស្នេហាជាតិនៃគណបក្សប្រជាជនកម្ពុជា ដែលនៅសេសសល់ពីការកាប់សម្លាប់ បានងើបឡើងតស៊ូសង្គ្រោះជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហមដ៏យង់ឃ្នងនេះ។

 ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ប្រជាជនកម្ពុជា មិនត្រូវការរបបដឹកនាំដែលកាប់សម្លាប់ប្រជាជនស្លូតត្រង់ ធ្វើទុក្ខបុម្នេញ បំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាងមកលើប្រជាពលរដ្ឋនោះទេ។

 ពលរដ្ឋត្រូវការសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។

 ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ដោយមើលឃើញពីភាពសោកសៅ ការកាប់សម្លាប់ប្រជាជនស្លូតត្រង់ពីសំណាក់របបខ្មែរក្រហម មកលើប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន, សម្តេច ជា ស៉ីម, សម្តេច ហេង សំរិន ព្រមទាំងឥស្សរជនស្នេហាជាតិមួយចំនួនទៀត បានរើបម្រាស់ប្រឆាំងនឹងការដឹកនាំរបស់ពួកខ្មែរក្រហម រហូតកសាងកម្លាំងវាយផ្តួលរំលំរបបខ្មែរក្រហម ដោយជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ 

 ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋខ្មែរ ពីក្រញាំរបស់របប ប៉ុល ពត និងរកសន្តិភាពជូនមាតុភូមិកម្ពុជា តែប៉ុណ្ណោះទេ ប៉ុន្តែ សម្តេចបានជួយរកយុត្តិធម៌ជួយប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានពួកខ្មែរក្រហមកាប់សម្លាប់យ៉ាងសាហាវឃោឃៅ គឺការបង្កើតសាលាកក្តីខ្មែរក្រហម ដើម្បីនាំយកមេដឹកនាំរបស់របបកម្ពុជា ប្រជាធិបតេយ្យ មកកាត់ទោស ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។

 ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា សន្តិភាពដែលកម្ពុជា មានបច្ចុប្បន្ននេះ គឺជាកត្តាសំខាន់បំផុតដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល អាចកសាងសមិទ្ធផល ដូចសព្វថ្ងៃនេះបាន ហើយបើកម្ពុជាបន្តស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាម ទំនងគ្មានឱកាសកសាងជាតិ និងស្គាល់ការរីកចម្រើនដូចសព្វថ្ងៃនេះឡើយ។

 ហេតុដូច្នេះហើយបានជាអតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត តែងតែអំពាវនាវម្តងហើយម្តងទៀតឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ការពារសន្តិភាពដែលជាតម្លៃរួមរបស់ជាតិ និងសូមកុំចាំដល់ប្រទេសជាតិមានសង្គ្រាមបាននាំគ្នាស្វែងរកសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុន ក្នុងការស្វះស្វែងដើម្បីដណ្ដើមជីវិតប្រជាជនចេញពីកណ្ដាប់ដៃ ប៉ុល ពត បានអះអាងថា ជ័យជម្នះ ៧មករា បានដណ្តើមមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត បញ្ចប់សករាជដ៏ខ្មៅ ងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មីគឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព សង្គម។

 ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា គ្មានគណបក្សណាមួយអាចមកជំនួសគណបក្សប្រជាជនកម្ពុជាក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនបានឡើយ។

 គណបក្សប្រជាជនកម្ពុជាដែលពលរដ្ឋខ្មែរបានបោះឆ្នោតគាំទ្រ ដើម្បីដឹកនាំប្រទេសកម្ពុជាឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។ ប្រទេសកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងមាននិរន្តរភាព ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមក ហើយបានផ្លាស់ប្តូរ ពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំសម្រេចឱ្យបាននូវចក្ខុវិស័យនៃប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ខាងមុខ ដោយផ្អែកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបន្តរីកចម្រើនជាលំដាប់ និងមានភាពស្មើមុខស្មើសិទ្ធិគ្នា ជាមួយប្រទេសនានានៅជុំវិញពិភពលោក៕ រូបភាពដោយ ឡុង ដេវីត



 














Previous Post Next Post