ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ “សាទរកម្ពុជា” ជាព្រឹត្តិការណ៍សាទរដល់សង្គមមួយប្រកបដោយភាពរស់រវើក បង្ហាញវិសេសភាព ភាពប្លែកនៃអត្តសញ្ញាណ និងតម្កើងវឌ្ឍនភាពនៃប្រទេសកម្ពុជា ហើយការរៀបចំជាចរិតមហាជនដែលមានការចូលរួមពីគ្រប់ស្រទាប់ទាំងអស់ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវតែចូលរួមថតអោយបានគ្រប់ទិដ្ឋភាពហើយផ្សាយអោយទូលំទូលាយ ពីព្រឹត្តការណ៍ដ៏ធំនេះដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយក្បួនដង្ហែដ៏ធំ មានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ដើរដង្ហែ រួមទាំងការសម្តែងទស្សនីយភាពចម្រុះគ្រប់ទម្រង់ បង្ហាញពីភាពអស្ចារ្យនៃប្រទេសកម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំត្រៀមលក្ខណៈសម្រាប់ការផ្សព្វផ្សាយព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលនឹងប្រារព្ធធ្វើនៅមុខព្រះបរមរាជវាំង រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ខណៈកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួង រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមកម្ពុជាមួយដែលប្រកប ដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលបានឆ្លងកាត់ និងបានជម្នះ ព្រមទាំងបង្ហាញពីការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ។
រូបថតដោយ ខឹម សុវណ្ណារ៉ា
Tags:
ព័ត៌មានជាតិ