រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្តេចបវធិបតី ហ៊ុន ម៉ាណែត៖ កងទ័ពជើងគោក ត្រៀមលក្ខណៈចូលរួមជាមួយកងរាជអាវុធហត្ថ និងកងនគបាលជាតិ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសនានា...

នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៃកងទ័ពជើងគោក ។



 សម្តេចបវរធិបតី បានកោតសរសើរ ចំពោះសកម្មភាពដ៏រស់រវើក ស្មោះត្រង់របស់ថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ទូទាំងកងពលតូចលេខ៧០ ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍកម្ពុជា និងការចូលរួមថែរក្សាការពារដល់សុខសន្តិភាព ស្ថិរភាពជាតិ សណ្ដាប់ធ្នាប់សង្គម ដែលស័ក្តិសម ជាទីពឹងរបស់ប្រជាជន និងសង្គមជាតិកម្ពុជា ។

 ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់បញ្ជាក់ថា កងយោធពលខេមរភូមិន្ទ មិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួនជាកម្លាំងយ៉ាងរឹងមាំជួយរក្សាសន្តិភាពនៅបណ្តាប្រទេសមួយចំនួន តាមការស្នើរបស់អង្គការសហប្រជាជាតិ ដែលគិតចាប់តាំងពីឆ្នាំ២០០៥ មកដល់ពេលនេះ កងទ័ពមួកខៀវកម្ពុជាប្រមាណជិត១ម៉ឺននាក់ បានបញ្ជូនទៅកាន់១០ប្រទេស ដើម្បីចូលរួមបេសកកម្មរក្សាសន្តិភាពពិភពលោក ។

 ទន្ទឹមនេះ ខណៈដែលមានប្រទេសមួយចំនួនកំពុងជួបបញ្ហាសង្គ្រាម និងអសន្តិសុខ សម្តេចមហាបរវធិបតី បានលើកឡើងពីភាពចាំបាច់ដល់ការថែរក្សាសុខសន្តិភាពឱ្យបានជាដាច់ខាតនៅកម្ពុជា ព្រោះនេះជាមូលដ្ឋានគ្រឹះសំខាន់បំផុតសម្រាប់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន ជាមួយនឹងការចូលរួមចំណែកដ៏សំខាន់ពីសំណាក់កងទ័ព ដែលជាតួអង្គមួយទាំងក្នុងការបង្កើតសង្គ្រាម បញ្ចប់សង្គ្រាម និងការពារសុខសន្តិភាព ។

 សម្តេចមហាបរវធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ជានិច្ចចំពោះប្រជាជន ក៏ដូចជាកងទ័ពកម្ពុជាដែលកំពុងស្នាក់នៅ និងបំពេញបេសកកម្មនៅក្នុងបណ្តាប្រទេសដែលកំពុងមានសង្គ្រាម ។

 ជាពិសេស ក្នុងពេលថ្មីៗនេះ សម្តេចបវរធិបតី បានបញ្ជាឱ្យផ្អាកការបញ្ជូននិស្សិតខ្មែរទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល និងបានណែនាំឱ្យតាមដានជាប់ជាប្រចាំពីសុវត្ថិភាពរបស់និស្សិតខ្មែរដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែលចំនួន ២២០ នាក់ និងត្រៀមផែនការមួយចំនួនក្នុងករណីចាំបាច់ ពិសេសសម្រាប់អ្នករស់នៅក្នុងតំបន់ដែលមានហានិភ័យខ្លាំង។ 

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានផ្តល់គោលការណ៍ទៅក្រសួងការពារជាតិ ពាក់ព័ន្ធកងទ័ពមួកខៀវកម្ពុជានៅប្រទេសលីបង់ ក្នុងករណីមានការជម្លៀសកម្លាំងចេញពីតំបន់មានសង្គ្រាម ដោយធ្វើយ៉ាងណាធានាឱ្យបានសុវត្ថិភាពអាយុជីវិតកងកម្លាំងរបស់យើងនៅទីនោះ ។

 ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ សម្តេចបវរធិបតី បានស្នើក្រសួងការពារជាតិ បន្តយកចិត្តទុកដាក់លើការហ្វឹកហ្វឺនជាកត្តាអាទិភាព ព្រោះការហ្វឹកហ្វឺនជាការផ្ទេរបទពិសោធន៍ និងចំណេះដឹងក្នុងជួរកងទ័ព តាមរយៈការពង្រឹងឯកសារយោធាចារ្យ និងសាលាហ្វឹកហ្វឺន ជាពិសេសក្បាច់គុនកងយោធពលខេមរភូមិន្ទ ដែលផ្តល់ផលយ៉ាងហោច ៣ យ៉ាង គឺ៖

 ១. ដើម្បីបំពេញលើយុទ្ធវិធីសំខាន់ៗ ដោយប្រើប្រាស់អាវុធធម្មជាតិក្នុងកាលៈទេសៈចាំបាច់, 
២. ដើម្បីរក្សាសុខភាពរឹងមាំ, និង 
 ៣. ដើម្បីចូលរួមភិរក្ស និងជំរុញការផ្សព្វផ្សាយនូវក្បាច់គុនរបស់បុព្វបុរសយើង ។ 

 សម្តេចមហាបរវធិបតី បានបញ្ជាឱ្យកងទ័ពជើងគោកត្រៀមលក្ខណៈចូលរួមជាមួយកងរាជអាវុធហត្ថ និងកងនគរបាលជាតិ ដើម្បីទប់ស្កាត់នូវរាល់បទល្មើសធនធានធម្មជាតិ និងបទល្មើសនានា ។

 សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា ដើម្បីធានាដល់សន្តិសុខជាតិ នាពេលខាងមុខ ដែលឆ្លើយតបទៅនឹងការប្រែប្រួលស្ថានភាពនៃបទល្មើស ទាមទាឱ្យមានការយកចិត្តទុកខ្ពស់ និងបង្កើនកម្លាំងអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនោះ ដែលនាំមកនូវហានិភ័យ និងប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខជាតិ ៕
 #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia




Previous Post Next Post