នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២។ ពិធីនេះ រៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
«ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ត្រូវបានផ្តួចផ្តើមរៀបចំឡើងពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដោយកំណត់យកថ្ងៃទី២៦ ខែមីនា ជាថ្ងៃសម្រាប់ប្រារព្ធទិវានេះឡើង។
«ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី១ ត្រូវបានប្រារព្ធឡើងនៅឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលបានប្រារព្ធទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍លើកទី២ ព្រមជាមួយការរៀបចំនូវព្រឹត្តិការណ៍អមសំខាន់ៗរួមមាន៖ ពិព័រណ៍បច្ចេកវិទ្យា និង គ្រឿងឧបករណ៍ កម្មន្តសាល, ពិព័រណ៍វិទ្យាសាស្ត្រ, វេទិកាពិភាក្សាស្តីពីបច្ចេកវិទ្យា, ពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាខឿនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសង្គម ឌីជីថល ដោយបានដាក់បញ្ចូលបច្ចេកវិទ្យាឈានមុខទាំងឡាយ ក្នុងប្រព័ន្ធខ្សែច្រវាក់ផលិតកម្ម និងសេវាកម្មសាធារណៈផ្សេងៗ ដើម្បីបង្កើនផលិតភាពស្របតាមឧត្តមានុវត្តអន្តរជាតិ ដែលជាកត្តាសត្យានុម័តមិនអាចខ្វះបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និង ក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវបានរាជរដ្ឋាភិបាល ប្រគល់ភារកិច្ច សេនាធិការ ដើម្បីសម្រេចបាននូវការកសាងមូលដ្ឋានជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបន្ថែមបច្ចេកវិទ្យា ជាអាទិភាពទី៥ ក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា ព្រឹត្តិការណ៍ថ្ងៃនេះជាសក្ខីកម្មបង្ហាញអំពីសក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញ និងលើកទឹកចិត្ត ឱ្យសហគ្រាសធុនតូច និងមធ្យម តម្រង់ឆ្ពោះ និងចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ធ្វើជាសសរស្តម្ភ និងជាក្បាលម៉ាស៊ីន ក្នុងការកសាង និង អភិវឌ្ឍសហគ្រាសនានា ដើម្បីសម្រេចបានប្រព័ន្ធអេកូឡូស៊ីជាតិមួយ ប្រកបដោយនវានុវត្តន៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ដោយដាក់ចេញនូវការណែនាំ ប្តូរទម្លាប់ពីការធ្វើការជាលក្ខណៈសាយឡូដោយឡែករៀងៗខ្លួន (Working in Silos) មកធ្វើការរួមគ្នា ដោយប្រកាន់ស្មារតីសហការគ្នា ក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលជាកត្តាមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិមួយ ប្រកបដោយការប្រកួតប្រជែងក្នុងតំបន់ និងសកល។
សម្តេចបន្តជំរុញឱ្យមាននូវថ្នាលបច្ចេកវិទ្យាចម្រុះថែមទៀត ដើម្បីគាំទ្រដល់ដៃគូពាក់ព័ន្ធ, ជាពិសេសវិស័យឯកជន ក្នុងការស្វែងរកទីផ្សារចាប់យកនូវខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថ្នាលបច្ចេកវិទ្យានេះ ត្រូវឈរលើយន្តការកិច្ចសហការរវាងវិស័យសាធារណៈ, វិស័យអប់រំ និង វិស័យឯកជន តាមគំរូម៉ូដែលត្រីវ័ណ្ឌ (Triple Helix model) ដោយមានការចូលរួមយ៉ាងសកម្ម រវាងតួអង្គពាក់ព័ន្ធ ក៏ដូចជា ដៃគូអភិវឌ្ឍ ដើម្បីអប់រំ, បណ្តុះបណ្តាល, ស្រាវជ្រាវ និង អភិវឌ្ឍ ឆ្លើយតបទៅនឹងតម្រូវការសង្គម ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត សូមគ្រឹះស្ថានអប់រំបណ្តុះបណ្តាល, ស្រាវជ្រាវ និង វិស័យឯកជន ជាពិសេស សហគ្រាសធុនតូច និងមធ្យម ត្រូវសហការគ្នាជាមួយក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដើម្បីបង្កើតនូវមូលដ្ឋានរឹងមាំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើគ្រប់វិស័យ។
Tags:
ព័ត៌មានជាតិ