រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន...

នៅរសៀលថ្ងៃព្រហស្បតិ៍ ៩ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ។ 

 

 

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកទ្បើងថា វិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនជាបន្តបន្ទាប់ ដែលធ្វើឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ថា កម្ពុជា គឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថាន តាមរយៈការអនុម័តអនុសញ្ញាសហប្រជាជាតិសំខាន់ៗ ពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ, ជីវៈចម្រុះ និងការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម, ការអនុវត្តបានល្អប្រសើរនូវបេសកម្មដឹកនាំកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាមូលធនធម្មជាតិសម្រាប់ធានាសន្តិសុខស្បៀង, សន្តិសុខទឹក, សន្តិសុខថាមពល, ការទ្រទ្រង់ជីវភាពប្រជាជន សម្រាប់រយៈពេលវែង និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព, ការគ្រប់គ្រងសំណល់រឹងរាវនៅទីប្រជុំជន, យុទ្ធនាការលុបបំបាត់សំណល់ប្លាស្ទិក និងកែច្នៃសំណល់ទីប្រជុំជន, កសិដ្ឋាន, រោងចក្រសហគ្រាស និងអង្គភាពធុរកិច្ចផ្សេងៗទៀត ស្របតាមគោលការណ៍ ៤R និងសេដ្ឋកិច្ចចក្រា, គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងបៃតងរបស់កម្ពុជា ដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍបៃតង និងចីរភាព, ការអនុវត្តគោលនយោបាយការទូតបៃតង, ឥណទានកាបូន និងការលើកកម្ពស់ហិរញ្ញប្បទានបៃតង ជាដើម ។

 

 ក្នុងឱកាសនៃពិធីនោះផងដែរ សម្តេចមហាបរវធិបតី បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីផ្លាស់ប្តូរឥរិយាបថ ក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃ ព្រមទាំងអំពាវនាវដល់ក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន និងអ្នកពាក់ព័ន្ធ បន្តផ្តល់ការគាំទ្រ និង កិច្ចសហការ ក្នុងភាពជាដៃគូពិតប្រាកដ ដល់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងការបំពេញបេសកកម្មក្នុងវិស័យបរិស្ថានឱ្យបានកាន់តែប្រសើរឡើង និងបន្តរៀបចំទំនើបកម្មស្ថាប័នរបស់ខ្លួន សំដៅបង្កើតវប្បធម៌គុណាធិបតេយ្យការងារក្នុងស្ថាប័ន ។ 

 

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជា ឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត, មិនលើកលែងចំពោះអ្នកប្រព្រឹត្តលើ្មសពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវបញ្ជាអនុវត្តផ្ទាល់ រួមជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រៀមផ្ដល់កិច្ចសហការគាំទ្រចាំបាច់នានា ។

 

 ទន្ទឹមនេះ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវពង្រឹង និងបង្កើនកិច្ចសហការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ។

 

 លើសពីនេះផងដែរ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់នៃបរិស្ថានសង្គម, សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវបទបញ្ជាមួយចំនួនបន្ថែមទៀត មានដូចជា៖

 

 (១) ក្រសួងធម្មការ និងសាសនា ត្រូវពិនិត្យមើលសកម្មភាពមួយចំនួនដែលកើតមានទ្បើងក្នុងទម្រង់ជាការប្រតិបត្តិជំនឿសាសនា ដូចជា ករណីស្រ្តីគ្រងស្បង់ចីពរតាំងខ្លួនជាព្រះ និងក្រុមតាំងខ្លួនជាឥសីចេញមកជាបន្តបន្ទាប់ ដែលកើតមានទ្បើងក្នុងទម្រង់ជាការប្រតិបត្តិជំនឿសាសនា​ ត្រូវទប់ស្កាត់ឱ្យបាននូវការយកសាសនាទៅធ្វើជាមធ្យោបាយសម្រាប់ទាញយកប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមណាមួយ។

 

 (២) អនុវត្តន៍ច្បាប់ឱ្យបានតឹងរ៉ឹង និងមិនមានការយោគយល់ចំពោះការអន្តរាគមន៍គ្រប់កម្រិត ចំពោះអ្នកប្រព្រឹត្តបទល្មើសនានា​ ពិសេស លើករណីបើកបរបណ្តាលឱ្យមនុស្សស្លាប់ ។

 

 (៣) ត្រូវបណ្តេញពីក្របខ័ណ្ឌចំពោះមន្រ្តីនគរបាលជាតិ ឬកងយោធខេមរភូមិន្ទណា ដែលប្រើប្រាស់គ្រឿងញៀន និងត្រូវប្រឈមមុខច្បាប់ជាធរមានចំពោះអ្នកដែលជួញដូរគ្រឿងញៀន ។

 

 មុននឹងបញ្ចប់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទី-ភារកិច្ចដ៏ថ្លៃថ្លានេះ ជូនជាតិ ព្រមទាំងថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន, និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រ និងសហការដ៏ល្អ ដើម្បីសម្រេចបាននូវកិច្ចគាំពារបរិស្ថាន, ការគ្រប់គ្រងធនធានធម្មជាតិ, ការអភិរក្សជីវៈចម្រុះ, ការអភិវឌ្ឍ និងការរស់នៅដោយបរិស្ថានល្អ និងចីរភាព ៕

 











 

Previous Post Next Post