រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង.....

នាព្រឹកថ្ងៃអាទិត្យ ២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ 

 

អញើញមានប្រសាសន៍សំណេះសំណាលនាឱកាសនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងស្រុកបាណន់ទាំងមូល ដែលបានខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យស្រុកមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងរួមចំណែកឱ្យសម្រេចបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។ 

 

សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានសម្ដែងការដឹងគុណ និងអរគុណចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ក្នុងស្រុកបាណន់ ដែលតស៊ូ លះបង់ ធ្វើពលីកម្មយ៉ាងលំបាកលំបិន នាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គមដូចសព្វថ្ងៃ។

 

 សម្ដេចបន្ថែមថា យើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយ បានកត់ត្រា និងចងចាំជានិច្ចនូវស្នាដៃ និងគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តន៍ជនគ្រប់ជំនាន់។

 

 ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង សម្ដចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់គ្រប់ថ្នាក់ ដែលបានផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងទាំងធនធាន និងស្មារតី ធ្វើឱ្យរដ្ឋបាលស្រុក និង ឃុំ សង្កាត់ ទូទាំងស្រុក កាន់តែមានលទ្ធភាពក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ពិសេសការផ្ដល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ។

 

 ក្នុងឱកាសនោះដែរ សម្ដេចក៏បានគូសបញ្ជាក់អំពីសមិទ្ធផលរយៈពេល ៥ ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ និងមានជំនឿថា អង្គពិធីទាំងមូលពិតជាបានតាមដាននូវដំណើរការវិវត្តន៍ប្រែប្រួលនៃសង្គមជាតិ ការប្រែប្រួលដ៏ស្មុគស្មាញនៃស្ថានការណ៍តំបន់ និងពិភពលោក ជាពិសេសផលវិបាកបង្កឡើងដោយសង្គ្រាម និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។ 

 

 សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ទន្ទឹមនឹងការវិវត្តប្រែប្រួលស្មុគស្មាញនៃសភាពការណ៍តំបន់ និងអន្តរជាតិនោះ នៅកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួននៅតែបន្តរិះរកគ្រប់វិធីប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គម ដើម្បីឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងប្រើប្រាស់គ្រប់ល្បិចកលដើម្បីរារាំងដល់ដំណើរការនៃការអភិវឌ្ឍសង្គមជាតិ។

 

 យ៉ាងណាក៏ដោយ សម្ដេចបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពី មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងនោះរួមទាំងក្នុងស្រុកបាណន់ផងដែរ ។

 

 សម្ដេចបញ្ជាក់ថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ យើងទាំងអស់គ្នាពិតជាមានកិច្ចការនានាជាច្រើនដែលត្រូវអនុវត្ត ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ និងបានបង្ហាញសុទិដ្ឋិនិយមថា ផ្អែកលើសមិទ្ធផលសម្រេចបានកន្លងមក និងដោយមានការគាំទ្រពីប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកបាណន់ ប្រទេសជាតិនឹងបន្តអភិវឌ្ឍរីកច្រើនលើគ្រប់វិស័យ ស្របតាមគោលដៅរំពឹងទុកក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត៕ 

 










 

Previous Post Next Post