រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ....

នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ។

 

 លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ. បានធ្វើរបាយការណ៍អំពីការលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងឆ្នាំ២០២២ ក្នុងនោះសមត្ថកិច្ចបង្ក្រាបបាន១៦៦ករណី ធៀបនឹងឆ្នាំ២០២១ មាន៣៥៩ករណី ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន២០២នាក់ ក្នុងនោះជនសង្ស័យជាជនបរទេសចំនួន៣៣នាក់។

 

 លោកជំទាវ បន្តថាសមត្ថកិច្ចបានសង្គ្រោះជនរងគ្រោះ៣៥៨នាក់ ក្នុងនោះស្រីចំនួន២៦៥នាក់ ដោយប្រគល់ជូនមន្ទីរសង្គមកិច្ច និងក្រុមគ្រួសារ។ 

 

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍អបអរសាទរ និងកោតសរសើរចំពោះលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងឆ្នាំ២០២២កន្លងទៅ។

 

 សម្ដេច បានឯកភាពចំពោះទិសដៅការងាររបស់ គ.ជ.ប.ជ ដោយសង្កត់ធ្ងន់ថា ប្រសិនបើថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ខិតខំអនុវត្តទៅតាមទិសដៅដែលបានដាក់ចេញ ប្រាកដណាស់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា នឹងទទួលបានលទ្ធផលកាន់តែប្រសើរនៅឆ្នាំ២០២៣។

 

 ថ្វីត្បិតលទ្ធផលការងារឆ្នាំ២០២២ មានភាពប្រសើរច្រើនធៀបនឹងឆ្នាំ២០២១ ប៉ុន្តែសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាបញ្ហានេះនៅតែស្ថិតក្នុងស្ថានភាពប្រឈមដែលទាមទារការយកចិត្តទុកដាក់អនុវត្តជាប្រចាំ និងប្រកបដោយប្រសិទ្ធភាព ដ្បិតការងារនេះមិនទាន់បញ្ចប់ និងមិនទាន់មានការពេញចិត្តនៅឡើយទេ ពិសេសការងារបង្ក្រាប ការជួយសង្គ្រោះជនរងគ្រោះ ការចាប់ជនល្មើសមកផ្ដន្ទាទោស និងការបិទអាជីវកម្មពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ 

 

 សម្ដេច បានស្នើលេខាធិការដ្ឋាន គ.ជ.ប.ជ ស្រង់គ្រប់ព័ត៌មានទាំងឡាយ ពាក់ព័ន្ធការជួញដូរមនុស្ស រាប់ទាំងព័ត៌មានចេញដោយក្រសួងការបរទេសអាមេរិក ដើម្បីរួមគ្នារិះរកគ្រប់មធ្យោបាយឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលាចំពោះបញ្ហានេះ។ 

 

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ មានឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់គោរពតាមឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះ។ 

 

សម្ដេច ក៏បានសង្កត់ធ្ងន់ដែរថាក្រោយមានកិច្ចប្រតិបត្តិការយ៉ាងក្ដៅគគុកពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច បញ្ហាជួញដូរមនុស្ស ពិសេសករណីនៅខេត្តព្រះសីហនុ បានថមថយច្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែសម្ដេចព្រួយបារម្ភថាពួកឧក្រិដ្ឋជន អាចចេញទៅជ្រកនៅតាមខេត្តផ្សេងទៀត ដែលសម្ដេចទាមទារឱ្យយកចិត្តទុកដាក់ទាំងមន្រ្តី និងវិស័យឯកជន។

 

 នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានថ្លែងអំណរគុណភាគីពាក់ព័ន្ធ រួមមានជនរងគ្រោះ វិស័យឯកជនរួមទាំងម្ចាស់ទីតាំងអាជីវកម្ម អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាប្រទេសជាដៃគូ ដែលបានផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិសេសការឈានទៅបង្ក្រាបអំពើល្មើសប្រកបដោយជោគជ័យជាបន្តបន្ទាប់ ៕ 








 

Previous Post Next Post