រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើជាផ្លូវការ អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីនៃបណ្ឌិត្យសភានគរបាលជាតិ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកគៀនស្វាយ ខេត្តកណ្ដាល...

នាព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើជាផ្លូវការ អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីនៃបណ្ឌិត្យសភានគរបាលជាតិ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកគៀនស្វាយ ខេត្តកណ្ដាល។

 

 ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី ដែលសម្ដេចក្រឡាហោម បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺជាអគារដែលទទួលសាងសង់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ដោយចំណាយទឹកប្រាក់ជាង៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ 

 

ឯកឧត្តមបន្តថាអគារនេះ ដំណើរការសាងសង់រយៈពេលជាង៥ខែ លើទីតាំងអគារក្បាច់គុនចាស់ មានលក្ខណៈទំនើបស្របតាមស្តង់ដារអន្តរជាតិ អាចហ្វឹកហាត់បាញ់គ្រាប់ពិតបាន១០នាក់ក្នុងមួយលើក ដោយមានប្រព័ន្ធការពារក្បាលគ្រាប់ និងសំឡេងចេញក្រៅ ខណៈឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក៏ជួយឧត្ថម្ភអគារទទួលភ្ញៀវជាតិ អន្តរជាតិ និងការស្នាក់នៅដែលចំណាយថវិកាជាង២លានដុល្លារ និងកំពុងដំណើរការសាងសង់នៅឡើយ។

 

 អញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានចាត់ទុកអគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី ដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះថាជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បំពេញតម្រូវការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ ឱ្យកាន់តែមានគុណភាព និងមានសមត្ថភាពវិជ្ជាជីវៈច្បាស់លាស់ សម្រាប់ចេញទៅបម្រើប្រទេសជាតិ និងប្រជាជន បន្ថែមលើមូលដ្ឋាននៃការបណ្ដុះបណ្ដាលផ្សេងទៀតដែលមាននៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ដែលបានចូលរួមឧត្ថម្ភគាំទ្រដំណើរការកសាងអគារទំនើបបាញ់គ្រាប់ពិតនេះ និងឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុដែលជួយសាងសង់អគារទទួលភ្ញៀវជាតិ និងអន្តរជាតិ និងអគារស្នាក់នៅសម្រាប់នគរបាលជាតិនៅបណ្ឌិត្យសភានគរបាលកម្ពុជា។ 

 

ទន្ទឹមគ្នានឹងវឌ្ឍនភាពនៅបណ្ឌិត្យសភានគរបាលកម្ពុជានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញការកត់សម្គាល់ចំពោះភាពរីកចម្រើននៃសាលានគរបាលជាតិតាមបណ្ដាភូមិភាគនានា ពោលគឺបន្ទាប់ពីសម្ដេចបានអញ្ជើញចុះទៅដល់សាលាទាំងនោះ សម្ដេចសង្កេតឃើញថាលាសាលានគរបាលជាតិភូមិភាគនានាក៏កំពុងមានការអភិវឌ្ឍ ទាំងការសិក្សារៀនសូត្រ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជាអគារសិក្សា អគារស្នាក់នៅ ផ្លូវ និងប្រព័ន្ធលូ ដែលជាជំនួយឧត្ថម្ភអភិបាលខេត្តពាក់ព័ន្ធ។

 

 សម្ដេចឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថាក្រសួងមហាផ្ទៃបានផ្ដល់អាទិភាពដល់បណ្ឌិត្យសភានគរបាលកម្ពុជា តាមរយៈការឧត្ថម្ភជាច្រើនដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈសិក្សា និងហ្វឹកហាត់នានាឱ្យស្របតាមតម្រូវការជាក់ស្ដែង និងបានផ្ដល់ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងគ្រូនគរបាលជាតិ ទៅតាមរូបភាពផ្សេងៗ ដើម្បីលើកកម្ពស់ការងារ និងស្មារតីទទួលខុសត្រូវ ដោយសម្ដេចមានជំនឿថារាល់និស្សិត និងសិក្ខាកាមទាំងអស់នឹងក្លាយជានគរបាលជាតិប្រកបដោយសក្ដានុពល។ 

 

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តមានប្រសាសន៍គូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់ ដែលជាប្រភពនាំឱ្យកើតមានបទល្មើសផ្សេងទៀតក្នុងសង្គម និងអាចឈានទៅពាក់ព័ន្ធដល់បទល្មើសសម្អាតប្រាក់ ដែលជាបទឧក្រិដ្ឋអន្តរជាតិ។

 

 សម្ដេច បានសង្កត់ធ្ងន់ថាបញ្ហាទាំងនេះទាមទារការចូលរួមឱ្យបានសកម្មបំផុតពីគ្រប់ភាគី ក្នុងនោះក៏មានមន្រ្តីនគរបាលជាតិដែរ ដើម្បីកុំឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរនិងមិនអាចគ្រប់គ្រងបានដូចបណ្ដាប្រទេសមួយចំនួន ៕







 

Previous Post Next Post