ខេត្តបន្ទាយមានជ័យ៖ ព្រះសង្ឃមួយអង្គបានបើករថយន្តកាមរីឆ្លាម រ៉េចង្កូតទៅបុករថយន្តម៉ាកឡិចស៊ីស RX.300 បណ្តាលឱ្យរងការខូចខាតទាំងសងខាង តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ទេ ហើយព្រះសង្ឃមួយអង្គនោះត្រូវបានកម្លាំងនគរបាលនិមន្តទៅស្នងការនគរបាលខេត្តដើម្បីធ្វើការសាកសួរតាមនីតិវិធី។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចមុខសណ្ឋាគាររុងរឿង ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
តាមប្រភពពីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកឡិចស៊ីស RX.300ពាក់ផ្លាក់លេខ ភ្នំពេញ 2J-8522 បានបើកបរតាមបណ្តោយជាតិលេខ៥ ក្នុងទិសដៅពីលិចមកកើតហើយរថយន្តម៉ាកកាមរីឆ្លាម ពាក់ផ្លាកលេខ ភ្នំពេញ 2L-0874 បានបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីកើតមកលិច ក្នុងល្បឿនលឿន បានរ៉េចង្កូតទៅឆ្វេងដៃ ជ្រុលទៅបុ.ករថយន្តឡិចស៊ីសខាងក្រោយចំហៀងខាងឆ្វេង បណ្តាលឱ្យរងការខូចខាតទាំងសងខាង តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសទេ ។
ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ គេឃើញកម្លាំងនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចុះទៅសម្រួលចរាចរណ៍ និងវាស់វែង ឃើញអ្នកបើកបររថយន្តម៉ាកកាមរីឆ្លាមដែលចេញពីរថយន្តឃើញព្រះសង្ឃ២អង្គគង់ខាងមុខ ក្នុងនោះព្រះសង្ឃ១អង្គគង់នៅខាងឆ្វេងជាអ្នកបើករថយន្ត និងស្ត្រីម្នាក់អង្គុយខាងក្រោយ ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចបាននិមន្តព្រះសង្ឃ២អង្គ និងស្ត្រីម្នាក់ឡើងរថយន្តប៉ូលីសទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យចំណែករថយន្តទាំង២គ្រឿងត្រូវបានស្ទូចយកទៅរក្សាទុកនៅស្នងការនគរបាលខេត្តដើម្បីដោះស្រាយគ្នាតាមច្បាប់។
តាមប្រភពព័ត៌មានពីសមត្តកិច្ចបានឱ្យដឹងថា ក្រោយនិមន្តព្រះសង្ឃ២អង្គ និងស្ត្រីម្នាក់ទៅស្នងការនគរបាលខេត្ត ហើយនៅពេលកម្លាំងជំនាញបានធ្វើតេស្តក្នុងចំណោមព្រះសង្ឃ២អង្គ មានព្រះសង្ឃ១អង្គមានជាតិអាល់កុលហើយជាអ្នកបើកបរទៀត និងជាចៅអធិការវត្តប៉ោយអង្គរ ឃុំតាគង់ ស្រុកម៉ាឡៃ និងស្ត្រីម្នាក់មកជាមួយ គឺជាម្តាយរបស់ព្រះអង្គ ។
តាមប្រភពខាងលើបានបន្តថា មុនពេលគ្រោះថ្នាក់កើតឡើង ព្រះសង្ឃទាំង២អង្គបាននិមន្តមកពីវត្តប៉ោយអង្គរ ឃុំតាគង់ ស្រុកម៉ាឡៃ នាំម្តាយមកលេងវត្តស្វាយចាស់ ដោយបើករថយន្តចេញមកក្រៅចូលហាងក្បែរផ្លូវ រហូតដល់ព្រលប់ ទើបដឹកម្តាយត្រឡប់ទៅផ្ទះនៅស្រុកម៉ាឡៃវិញ លុះពេលបើកបរចេញមកក៏បុកជាមួយរថយន្តឡិចឡិចស៊ីស បណ្តាលឱ្យរងការខូចខាតទាំងសងខាងតែម្តង ៕