នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ រាយការណ៍ថា: មានករណីអគ្គីភ័យ ០១ករណី (ភ្លើងឆេះផ្ទះ) ស្ថិតនៅចំណុចភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលព័ត៌មានលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកចំការលើ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុក ចេញរថយន្ដពន្លត់អគ្គីភ័យ ០១គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់ ដោយសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល និងកម្លាំងប្រជាការពារ ។
ប្រតិបត្តិការជួយពន្លត់អគ្គីភ័យខាងលើ ក៏មានវត្តមានលោក សំ ពិសិដ្ឋ អភិបាល នៃគណ:អភិបាលស្រុក ដឹកនាំបញ្ជាកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ជួយពន្លត់អគ្គីភ័យនោះផងដែរ ។
ម្ចាស់ផ្ទះដែលឆេះខាងលើមានឈ្មោះ ហួត គឹមសាន ភេទប្រុស អាយុ ៦០ឆ្នាំ ជាតិខ្មែរ (ប្ដី) និងឈ្មោះ លឹម ចាន់ណា ភេទស្រី អាយុ៥៩ឆ្នាំ (ប្រពន្ធ) នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
ផ្ទះដែលឆេះខាងលើមានទំហំ ៦.៥ម៉ែត្រ x ១១ម៉ែត្រ សង់ពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តា ឆេះទាំងស្រុង។
ការខូចខាត: ប្រាក់ប្រហែល ៤.០០០.០០០រៀល ; អង្ករ ១៥០គីឡូក្រាម ; ទូរទឹកកក ០១គ្រឿង ; ទូរដាក់ខោអាវ០១ ; ក្រែប្រអប់០២ ; ឯកសារប្លង់ដី ; ប្លង់ផ្ទះ និងសៀវភៅគ្រួសារ ; ក្ដាបន្ទះ ១គីប ; ចានឆ្នាំង និងសម្លៀកបំពាក់មួយចំនួន។
មូលហេតុ: ឆ្លងចរន្តអគ្គីសនី ។
អគ្គីភ័យរលត់អស់១០០% នៅវេលាមោង១៧:២០នាទី ករណីនេះមិនបណ្ដាលអោយរបួសដល់មនុស្សនោះទេ ក្នុងកិច្ចប្រតិបត្តិការណ៍នោះ យើងបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន ០១គ្រឿង អស់ទឹកចំនួន ០២ស៊ីទែន ៕