បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា នៅវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២២ មានប្រជាពលរដ្ឋបានរាយការណ៍ថា មានករណី ម៉ូតូ ម៉ាកវ៉េវ អាល់ហ្វា ស្លាកលេខ បាត់ដំបងAJ-3267 ពណ៌ខ្មៅ ដឹកកូនឈើលក់ ធ្លាក់ចូលក្នុងទឹកប្រឡាយចម្ងាយប្រហែល៥០០ម៉ែត ចំណុចលូខ្ពស់ដោយពុំឃើញម្ចាស់ នៅខាងលិចភូមិថ្មី ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានចុះទៅដល់ និងសហការ ជាមួយប្រជាពលរដ្ឋរាវរកមនុស្សក៏ឃើញម្ចាស់ស្លាប់នៅក្នុងទឹកប្រឡាយក្រោមរ៉ឺម៉កដឹកកូនឈើមិនដឹងតាំងពីពេលណានោះទេ ហើយស្រង់សពឡើងមកលើ និងឆែកក្នុងកាបូបស្ពាយចំហៀងរបស់សព ក៏បានឃើញ ៖- អត្តសញ្ញាណប័ណ្ណ ឈ្មោះ អិន សែនភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិ កៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់បង ,-ទូរសព្ទ ម៉ាកសាំសុងពណ៌ខ្មៅ,-លុយខ្មែរ ៤៦០.៧០០៛និងកាតចាក់វ៉ាក់សាំងកូវីដ-១៩ ។
ក្រោយមកបានធ្វើការស្រាវជ្រាវសាច់ញាតិនិងរកឃើញក្រុមគ្រួសារផ្ទាល់ក៏បានប្រគល់សពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានធ្វើដំណើរពីកើតទៅលិច ពេលដល់ចំណុចលូខ្ពស់ សង្ស័យគេចជង្ហុកបណ្តាលរ៉ឺម៉កប្រទាញម៉ូតូធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងម៉ូតូនិងរ៉ឺម៉ក សង្កត់មនុស្ស ក្នុងទឹកឈ្លក់ស្លាប់ដោយគ្មានអ្នកដឹងនឹងជួយទាន់ ៕