-ខេត្តកំពង់ស្ពឺ: ហេតុការណ៍ឪពុកប្រើអំពើហិង្សា វាយទារកដែលទើបនឹងមានអាយុ៥ខែនេះ កើតឡើងនៅចំណុចភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២២។ ទារកដែលរងគ្រោះនេះមានឈ្មោះ ធី ខេមរ៉ា ភេទប្រុសអាយុ៥ខែត្រូវបានស្លាប់បន្ទាប់ពីត្រូវឪពុកឈ្មោះ បឿន រ័ត្នធី អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលេី បានប្រើអំពើហិង្សាវាយទៅលើទារក បណ្តាលឲ្យរងរបួសបាក់ដៃខាងឆ្វេងជាំថ្ងាស ផុងលលាក្បាលផ្នែកគុម្ពត្រចៀកខាងស្តាំ ខណៈម្តាយទារករងគ្រោះរវល់ទៅធ្វើស្រែបាត់ៗពីផ្ទះ។ ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីឈ្មោះ ពែក សៅតេ អាយុ២៤ឆ្នាំ ត្រូវម្តាយទារករងគ្រោះសមត្ថកិច្ចចុះធ្វើការកោសល្យវិច្ច័យ និងឃាត់ខ្លួនជនសង្ស័យជាឪពុកភ្លាមៗយកមកអធិការដ្ឋាននគរបាលស្រុកថ្ពង។ ស្ត្រីជាម្តាយទារករងគ្រោះបាននិយាយថា ពេលដែលគាត់ត្រឡប់មកពីស្ទូងស្រូវវិញ មកដល់ផ្ទះបុរសជាប្តីប្រាប់ប្រពន្ធថា ជនរងគ្រោះជាកូនមានជំងឺអត់ស្រួលទើបយកកូនទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ពេទ្យប្រាប់ថា ជនរងគ្រោះមានជំងឺសួតធ្ងន់ ប្រាប់ឲ្យបញ្ជូនទៅពេទ្យគន្ធបុប្ផា ពេលបញ្ជូនដល់ពាក់កណ្តាលផ្លូវជនរងគ្រោះបានស្លាប់ ក៏យកកូនត្រឡប់មកផ្ទះវិញ។ ស្ត្រីជាប្រពន្ធមានការសង្ស័យ ដោយឃើញកូនមានស្នាមផុងលលាក្បាល ជាំថ្ងាស និងបាក់ដៃឆ្វេងក៏ប្តឹងអាជ្ញាធរ ទើបឈានដល់ការឃាត់ខ្លួនយកសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕