ថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិក កំពង់ផែ (Port EDI) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ និងប្រធានគ្រប់គ្រងដឹកនាំគម្រោង ឯកឧត្តម ចាន់ តារា អនុរដ្ឋលេខាធិការ ឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មាន វិទ្យា និងទំនាក់ទំនងសាធារណៈ និងអង្គភាពជំនាញក្រោម ឱវាទក្រសួង។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរដល់បណ្តា អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងទាំងអស់ដែលខិតខំប្រឹងប្រែងជំរុញឱ្យការអភិវឌ្ឍប្រព័ន្ធ ផ្លាស់ប្ដូរទិន្នន័យកំពុងផែអេឡិចត្រូនិក (Port EDI) សម្រេចបានជោគជ័យ។
ទន្ទឹមនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ផងដែរពីភាពជោគជ័យនៃការងារ របស់អគ្គនាយកដ្ឋានជំនាញ ដែលបានខិតខំ ដោយមានការសហការល្អពីនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ។
ឯកឧត្តម ក៏បានកោតសរសើរ ដល់នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ដែលបានខិតខំចូលរួមចំណែកលើគម្រោងនេះ និងគម្រោងនានា កសាងស្នាដៃជូនក្រសួង និងជាតិមាតុភូមិ។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ បច្ចុប្បន្នក្រសួងបានផ្តោតជាសំខាន់លើការ អភិវឌ្ឍធនធាននៅខាងក្នុងក្រសួង ជាពិសេសមន្ត្រីរបស់ក្រសួងដែលទទួលបានបណ្ដុះបណ្ដាលកន្លងមក មានបទពិសោធន៍ និងការអនុវត្តល្អ ដែលអាចរក្សាស្ថិរភាព ក៏ដូចជាធ្វើឱ្យប្រសើរឡើងដល់ប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងជាមូលដ្ឋានទ្រទ្រង់ការងារផ្តល់សេវារបស់ក្រសួង និងការងាររដ្ឋបាលផ្ទៃក្នុងក្រសួង។
សូមជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមលក្ខណៈផ្នែកបច្ចេកវិទ្យាដើម្បីចាប់ ផ្តើមអនុវត្តការប្រើប្រាស់ប្រព័ន្ធ Port EDI ដែលក្នុងនោះរួមមាន៖ ការទទួលខុសត្រូវលើការធានាដំណើរការប្រព័ន្ធ ការរៀបចំឯកសារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការប្រមូលចំណូលពីការបង់កម្រៃសេវាសាធារណៈ និងការត្រៀមលក្ខណៈផ្នែកបច្ចេកទេសដើម្បីដាក់ ដំណើរប្រព័ន្ធនេះនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខ៕