បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ក៏មានលំនៅឋានរបស់ប្រជាពលរដ្ឋជាង៤០ខ្នង ស្ថិតនៅក្នុងសង្កាត់ចំនួន៣ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរងការខូចខាតធ្ងន់ស្រាលដោយសារខ្យល់កន្ត្រាក់ នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ។
អធិការនគរបាលក្រុងសិរីសោភ័ណ លោកវរសេនីយ៍ឯក ស៊ី ឌី បានឲ្យដឹងថា នៅល្ងាចថ្ងៃម្សិលមិញ មានភ្លៀងផ្គរ រន្ទះលាយឡំជាមួយខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង បណ្តាលឲ្យលំនៅឋានប្រជាពលរដ្ឋចំនួន៣សង្កាត់ បានរងនូវការខូចខាត ធ្ងន់ និងស្រាល សរុបចំនួន៤៥ខ្នង ស្ថិតក្នុងសង្កាត់ចំនួន៣រួមមាន ៖
១-សង្កាត់អូរអំបិល ចំនួន១ខ្នង,
២-សង្កាត់ព្រះពន្លា៣៤ខ្នង និង
៣-សង្កាត់កំពង់ស្វាយ ចំនួន១០ខ្នង។ លោកអធិការបានបញ្ជាក់ថា ក្នុងករណីនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ខូចខាតតែផ្ទះប្រជាពលរដ្ឋនិងដើមឈើមួយចំនួន ៕