ភ្នំពេញ៖ប្តីប្រពន្ធបានលែងលះគ្នា៣ខែកន្លងមកហើយតែប្តីនៅអាល័យប្រពន្ធនិងមានចិត្តហួងហែងមិនចង់ឱ្យអតីតស្រីដែលខ្លួនស្រឡាញ់ធ្លាក់ទៅអ្នកផ្សេង។ជនដៃដល់ក៏សម្រេចចិត្តយកកាំភ្លើងខ្លីបាញ់សម្លាប់អតីតប្រពន្ធឱ្យស្លាប់ចំនួន២គ្រាប់ រួចបាញ់ខ្លួនឯងតែគ្រាប់មិនផ្ទុះត្រូវសមត្ថកិច្ចចាប់ខ្លួន។ សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលបាញ់ប្រពន្ធឱ្យស្លាប់ក្នុងថ្លុកឈាម នោះកើតឡើងនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យកាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។ឃាតកត្រូវបានគេស្គាល់ជាមន្ដ្រីយោធា ឈ្មោះ ជាអូន អាយុ២៦ឆ្នាំ រីជនរងគ្រោះជាប្រពន្ធឈ្មោះ នូ សុនីតា។ សមត្ថកិច្ចបានបន្តថា មូលហេតុនៃអំពើបាញ់ប្រហារនេះដោយសារតែភ្លើងប្រចណ្ឌហើយបាននិយាយថា “បើអញមិនបាននរណាក៏យកនាងមិនបានដែរ”។ បន្ទាប់ពីសួរនាំទើបដឹងថាមូលហេតុគឺ ក្តីស្រឡាញ់រវាងពួកគេបានដើរដល់ផ្លូវបំបែក លែងលះគ្នា៣ខែ ។តែខាងប្រុសចិត្តមិនដាច់ ដោយនៅស្រឡាញ់អតីតប្រពន្ធដដែល។ ក្រោយបាញ់សម្លាប់អតីតប្រពន្ធរបស់ខ្លួនហើយ ជនសង្ស័យមានបំណងបាញ់សម្លាប់ខ្លួនឯង ប៉ុន្តែគ្រាប់មិនផ្ទុះត្រូវសមត្ថកិច្ចក៏ចាប់ខ្លួននាំទៅសាកសួរដើម្បីបន្តនីតិវិធី៕