នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់បញ្ចុះសព ឯកឧត្តម ហ៊ុន ណេង នៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សូមជម្រាបថា សព ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:២៥នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានខេត្តកំពង់ចាម។
សព ឯកឧត្តម ហ៊ុន ណេង នឹងត្រូវដង្ហែពីគេហដ្ឋាននៃសព ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស នៅព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ៕