ខេត្តបាត់ដំបង! បុរសអ្នកបើកបរម្នាក់រងរបួសធ្ងន់កៀបជាប់ក្នុងកាបីនរថយន្តជាងមួយម៉ោង ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តធុនធ្ងន់ពីរគ្រឿងបុកគ្នាពេញទំហឹងនៅលើកំណាត់ផ្លូវហាយវេល្បឿនលឿន។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៩និង៣០នាទីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ នៅលើកំណាត់ផ្លូវហាយវេ ចំណុចបំបែកជាបួន ស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សាក្សីបានប្រាប់ឲ្យដឹងថា÷ នៅមុនពេលកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ង់មួយគ្រឿងម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង.5A.0096 បើកបរដោយបុរសម្នាក់ឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានប្រទះជាមួយនឹងរថយន្តដឹកថ្មរបស់ក្រុមហ៊ុនធ្វើផ្លូវមួយគ្រឿង ពាក់ស្លាកលេខ AT.22(3-1987)ដែលធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិច ឆ្ពោះទៅទិសខាងកើត ក៏បានបុកគ្នាពេញទំហឹងបណ្តាលអោយរថយន្តប៉ើងជ្រុលធ្លាក់ប្រឡាយទឹក ហើយកៀបអ្នកបើកបរម្នាក់មិនស្គាល់អត្តសញ្ញាណជាប់នៅក្នុងកាបីនរថយន្តប៉ប្រះទឹកប្រឡាយជាងមួយម៉ោង(រងរបួសធ្ងន់)ចំណែកភាគីអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់មិនមានរបួសគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកើតហេតុនិងបានប្រើឧបករណ៍កាត់ក្បាលរថយន្តដើម្បីទាញយកជនរងគ្រោះ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ដោយឡែកវត្ថុតាងរថយន្តទាំងសងខាងនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំម្ចាស់ទាំងសងខាងចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕