ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបចំ ពិធីប្រគល់សេចក្តីសម្រេច ស្ដីពីការទទួលស្គាល់ សិទ្ធិក្នុងការគ្រប់គ្រង កាន់កាប់ដីជូនប្រជាពលរដ្ឋចំនួន២០៤គ្រួសារ ដែលបានព្រមព្រៀងបញ្ចប់ ទំនាស់ជាមួយ សហគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ដែលមានទីតាំងស្ថិតនៅក្នុងភូមិចាន់គីរី និង ភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ពិធីនេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ ប្រមាណជិត៣០០នាក់ ។
សូមបញ្ជាក់ថា បញ្ហាវិវាទដីធ្លី រវាងបងប្អូនប្រជាពលរដ្ឋ និង សហគមន៍អភិវឌ្ឍន៍កសិកម្មជាតិ នេះ គឺ មានទំនាស់ រាំរ៉ៃ ជាយូរឆ្នាំមកហើយ ដោយសារមានការខិតខំប្រឹងប្រែង សម្របសម្រួល ពីសំណាក់អាជ្ញាធរ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ទើបនញ្ហាទំនាស់ ដីធ្លីមួយនេះត្រូវបានបញ្ចប់ ។
ពិធីប្រគល់ទទួលស្គាល់ សេចក្តីសម្រេច ស្ដីពីការទទួលស្គាល់ សិទ្ធិក្នុងការគ្រប់គ្រង កាន់កាប់ដី នាព្រឹកនេះ បានប្រារព្ធធ្វើឡើង បន្ទាប់ពី បងប្អូនប្រជាពលរដ្ឋ ព្រមទទួលយក ការសម្របសម្រួល ដោះស្រាយទំនាស់ដីធ្លីជាមួយ សហគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ដែលមាន លោក ឱក សុផាន ជាតំណាងសហគមន៍៕