នាថ្ងៃអាទិត្យទី១០ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងដែលឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ចំនួន ១៧ អង្គភាព ក្នុងឱកាសមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាលាប្រជុំសាលាខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានពាំនាំការសួរសុខទុក្ខ ជូនពរ និងការកេីតសសេីរពីថ្នាក់ដឹកនាំពិសេសសម្តេចតេជោហ៊ុន សែន ដល់កងកម្លាំងទាំងអស់ដែលបានការពារសន្តិភាព សណ្តាប់ធ្នាប់បានស្ថេរភាពនយោបាយបានយ៉ាងល្អ និងបានជួយសង្រ្គោះប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយធម្មជាតិ រាំងស្ងួត ខ្យល់កន្រ្តាក់ ទឹកជំនន់ និងជំងឺរាតត្បាតកូវីដ-១៩ នាពេលកន្លង។
ក្នុងឱកាសនោះដែរ ដើម្បីបន្តចូលរួមការពារ សុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអំពាវនាវដល់កងកម្លាំងគ្រប់ប្រភេទ ដែល កំពុងឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និង អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗមួយចំនួនមាន:បន្តចូលរួមកសាងពង្រឹងខឿនការពារជាតិ ការពារសន្តិភាព ស្ថិរភាពនយោបាយ អធិតេយ្យ បូរណភាពដែនដីបន្តស្វែងយល់វិស័យបច្ចេកវិទ្យា ការគ្រប់គ្រងអាវុធយុទ្ធភណ្ឌ អភិវឌ្ឍសមត្ថភាព បន្តពង្រឹង-ពង្រីកកិច្ចចងសម្ព័ន្ធមេត្រីភាព ជាមួយបណ្តាស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បន្តចូលរួមនិងអន្តរាគមន៍ពេលប្រជាជនជួបគ្រោះមហន្តរាយធម្មជាតិខ្យល់ព្យុះ អគ្គិភ័យ ជំងឺរាតត្បាត ភាពរាំងស្ងួត បន្តការផ្តល់សេវាសាធារណៈ បន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បញ្ហាគ្រឿងញៀន ច្បាប់ចរាចរណ៍ក្នុងបុណ្យចូលឆ្នាំខ្មែរ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងដើម្បីកសាងបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍ ចូលរួមនិងការពារសន្តិសុខការបោះឆ្នោតក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ទប់ស្កាត់ជំងឺកូវីដ-១៩ ចាក់វ៉ាក់សាំងដូសជម្រុញនិងវិធានសុខាភិបាល។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាចែកជូនដល់កងកម្លាំង ពេទ្យ អ្នកជំងឺកំពុងសម្រាកព្យាបាល បុគ្គលិក កម្មករ និងអ្នកពាក់ព័ន្ធទាំងអស់នូវ :អង្ករ ៤៦០០គីឡូក្រាម មី៣៤២កេសតូច ទឹកស៊ីអ៊ីវ១៧០យួរ ទឹកត្រី១៧០យួរ ត្រីខ ៥៧កេស ស្រាបៀ ៤៨៦ ទឹកក្រូច១៨១កេស ទឹកសុទ្ធ២២១កេស ទឹកដោះគោ៨៤៨កំប៉ុង ស្ករស៨៤៨គីឡូរក្រាម និងថវិកា ១១៧.៦៤០.០០០រៀល ៕